សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 62 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 249168 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9057560 នាក់
ថ្ងៃ សុក្រ ទី ១៧ ខែ មករា ឆ្នាំ ២០១៤
ទម្រង់សិល្បៈទស្សនីយភាពខ្មែរបានយោនយកឈ្មោះក្នុងលក្ខណៈខុសៗ ប្លែកគ្នាជាច្រើន។ ទម្រង់ខ្លះបានយកឈ្មោះចេញអំពីឧបករណ៍តន្ត្រី ឫ វង់តន្ត្រី ណាមួយ ដូចជាល្ខោនយីកេ ឫល្ខោនមហោរីជាដើម។ ប៉ុន្តែទម្រង់ខ្លះទៀតបានយកឈ្មោះពីសិល្បករដែលមានប្រជាប្រិយភាពខ្លាំងលើសលប់ដូចជាសិល្បៈចម្រៀងអាយ៉ៃ។
ចំណែកល្ខោនបាសាក់វិញ ក៏មិនខុសពីទម្រង់ដទៃទៀតប៉ុន្មានដែរ ប៉ុន្តែបានយកឈ្មោះរបស់ខ្លួនពីទីកន្លែងកំណើតនៃទម្រង់សិល្បៈនេះបានរីកចម្រើនទៅវិញ ពោលគឺល្ខោនបាសាក់មានដើមកំណើតនៅស្រុកបាសាក់ខេត្តឃ្លាំងទល់មុខព្រះត្រពាំងកម្ពុជាក្រោម ។ ទឹកដីកម្ពុជាក្រោមនេះត្រូវបានពួកអាណានិគមនិយមបារាំងកាត់ទៅឲ្យវៀតណាម ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ១៩៤៩។ ឥឡូវស្ថិតនៅ “ភាគខាងត្បូងនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសព្វថ្ងៃ”។ បាសាក់ ជាឈ្មោះទន្លេមួយដែលជា ខ្នែងមួយនៃទន្លេមេគង្គទាំងបួនដែលប្រសព្វគ្នានៅភ្នំពេញ “ចតុម្មុខ” ។ ទន្លេនេះបានហូរកាត់ទៅទិសខាងត្បូងចាក់ទៅក្នុងឈូងសមុទ្រចិន ហើយនៅលើដងទន្លេនេះហើយដែលជាទីតាំងនៃស្រុកបាសាក់ ខេត្តឃ្លាំងទល់មុខនឹងខេត្តព្រះត្រពាំង ដែលល្ខោនបាសាក់បានចាប់កំណើតឡើង ។ តំបន់នេះក៏ដូចជាតំបន់ដទៃទៀត មានប្រជាជនខ្មែររស់នៅច្រើនជាតំបន់មានអារ្យធម៌ និងមានកេរដំណែលវប្បធម៌ខ្មែរពីបរមបុរាណច្រើនដូចជាប្រាសាទ ស្រះបុរាណ វត្តអារាម តន្ត្រីច្រើនវង់ និងល្ខោនច្រើនប្រភេទ ដូចជាយីកេរ្តិ៍ និងល្ខោនយក្សរាំជាដើម ។ល។ និង ។ល។
តាមព័ត៌មានដែលទទួលបាន ល្ខោនបាសាក់ សព្វថ្ងៃនេះមានប្រភពមកពីល្ខោនទ្រើងឃ្លោង ហើយបានរីកចម្រើនឡើងដោយស្នាដៃបញ្ញវន្តមួយក្រុមដែលមានចំណេះជ្រៅជ្រះខាងអក្សរសិល្ប៍ និងសាសនាក្រោមការដឹកនាំ របស់អតីតចៅអធិការវត្តខ្សាច់កណ្ដាល “បាសាក់ព្រះត្រពាំង” កម្ពុជាក្រោម ឈ្មោះលោកគ្រូសួរ ។ ប្រវត្តិជាហូរហែនោះ មានដូចតទៅនេះ៖
ក្រោយពេលសឹកមក គោលបំណងថែរក្សាជំរុញលើកតម្លៃវប្បធម៌ជាតិរបស់ខ្លួនលោកគ្រូ “សួរ” ក៏បានប្រមែប្រមូលអ្នកសឹកពីបួស “បណ្ឌិត” ដូចគ្នាព្រមដោយ កូនសិស្ស កូនគណ ពុទ្ធបរិស័ទផ្សេងៗទៀត បង្កើតជាល្ខោនមួយវង់ ។ ប៉ុន្តែដោយកាលណោះនៅមានកង្វះខាតខាងផ្នែកសម្ភារៈ និងឆាកល្ខោននេះត្រូវគេនាំគ្នាសម្ដែងដោយផ្ទាល់ដីក្នុងរោងដែលសង់ឡើងដោយប្រក់ ឫកាប់មែកឈើយកមកគ្របប្រហាក់ប្រហែលគ្នា នឹងទ្រើងដែលគេដាំឃ្លោក ទើបអ្នកស្រុកគេនិយមនាំគ្នាហៅល្ខោននេះថា ល្ខោនទ្រើងឃ្លោក ។ ល្ខោនទ្រើងឃ្លោកនេះ មានវត្តមានរហូតដល់អំឡុងឆ្នាំ ១៩៥៣ ឫ ក៏ក្រោយនោះបន្តិចផង នៅជាយក្រុងភ្នំពេញ និងជនបទនានា។
អ្នកខ្លះនិយមហៅ ល្ខោនទ្រើងឃ្លោកនេះថាជា “យូកេរ្តិ៍” វិញ។ ពាក្យយូរកេរ្តិ៍នេះជាពាក្យដ៏មានតម្លៃសម្រាប់បញ្ជាក់ថា ទម្រង់សិល្បៈនេះគឺជាមរតកតាំងពីយូរលង់មកហើយរបស់ជនជាតិខ្មែរ។ ឈ្មោះនេះ ត្រូវបងប្អូនខ្មែរកម្ពុជាក្រោមប្រើប្រាស់រហូតមកដល់សព្វថ្ងៃសម្រាប់សំគាល់ទម្រង់ល្ខោនមួយដែលខ្មែរនៅកម្ពុជាយើងសព្វថ្ងៃនិយមហៅថា ល្ខោនបាសាក់នេះឯង ។
ល្ខោនទ្រើងឃ្លោកបានពង្រឹងប្រជាប្រិយភាពរបស់ខ្លួនយ៉ាងឆាប់រហ័ស ព្រោះអ្នកសម្ដែងសុទ្ធតែជាអ្នកពូកែខាងអក្សរសិល្ប៍ ពូកែប្រើពាក្យសម្ដីជាកំណាព្យកាព្យឃ្លោង ពូកែការសម្ដែងដោយឥតព្រាងទុកជាហេតុនាំឲ្យទស្សនិកជន មានការកោតសរសើរ និងចូលចិត្តក្រៃលែង ។ មិនតែប៉ុណ្ណោះល្ខោននេះបានទៅជាកម្មវត្ថុនៃការប្រឡងប្រជែងជាមួយនឹងល្ខោន “កៃលឿងវៀតណាម” ហើយក៏បានជះឥទ្ធិពលលើគ្នាទៅវិញទៅមក ។ ក្រោយមកក្នុងការដែលជនជាតិចិនមួយចំនួនធំជាអ្នកភៀសខ្លួនអំពីសង្គ្រាមនៅស្រុកចិន ពិសេសក្នុងរយៈពេលនៃការបះបោររបស់ពួកម៉ាន់ជូ (Manchu) បានហូរច្រាលមកតាមសមុទ្រ ហើយបានចូលមកបោះទីតាំងនៅតំបន់កូសាំងស៊ីននេះ រស់នៅលាយឡំជាមួយប្រជាជនខ្មែរ និងប្រជាជន វៀតណាម ។
ក្នុងពេលដែលហូរចុះមកជនជាតិចិនទាំងនោះ បាននាំយកនូវទំនៀមទម្លាប់ប្រពៃណី និងសិល្បៈផ្សេងៗដូចជា “ល្ខោនហ៊ី” ជាដើមមកជាមួយផង ។ ទាំងល្ខោនទ្រើងឃ្លោកខ្មែរ ទាំងល្ខោនកៃលឿងវៀតណាមទាំងល្ខោនហ៊ីចិន បានប្រលងប្រជែងខំប្រឹងបញ្ចេញឥទ្ធិពលរៀងៗខ្លួន ដណ្ដើមយកប្រជាប្រិយភាពស្រូបយកចំណង់ និងចំណូលចិត្តទស្សនិកជនក្នុងតំបន់នោះ ។ ទីបំផុតល្ខោនហ៊ីចិនបានទទួលជោគជ័យដ៏ធំធេង ។ ឃើញហេតុផលយ៉ាងនេះ ដើម្បីទាមទារប្រជាប្រិយភាពក្នុងចំណោមទស្សនិកជនចម្រុះជាតិសាសន៍នោះ អ្នកដឹកនាំល្ខោនទ្រើងឃ្លោក បានចម្លងយកចំណុចសំខាន់ៗ ខ្លះពីល្ខោនហ៊ីចិនដែលខ្លួនយល់ថាមានសារសំខាន់សម្រាប់ល្ខោនខ្លួន ។ ចាប់ពីពេលនោះមកល្ខោនទ្រើងឃ្លោក បានទទួលប្រជាប្រិយដ៏ធំធេងក្នុងតំបន់កូសាំងស៊ីននេះព្រោះពេលនោះ ទាំងអ្នកដឹកនាំវង់ល្ខោន ទាំងសិល្បករ អ្នកសម្ដែងមានការឆ្លាតវាងវៃណាស់ នៅទីណាកន្លែងណាដែលមានប្រជាជនខ្មែរជាអ្នកមើលភាគច្រើនគេតែងនាំគ្នា សម្ដែងជាភាសាខ្មែរសុទ្ធកន្លែងណាដែលមានប្រជាជនវៀតណាមមើលច្រើន ការសម្ដែងតែងឆ្លូកគ្នាជាពីរភាសា គឺខ្មែរផង វៀតណាមផងផ្ទុយទៅវិញ កន្លែងណាដែលមានប្រជាជនចិនមើលច្រើន គេតែងនិយាយ និងច្រៀងភាសាខ្មែរផង និងភាសាចិនផង សម្របសម្រួលខ្លួនទៅតាមលក្ខណៈភូមិសាស្ត្រទឹកដី និងប្រជាជននៅតាមតំបន់។
ចំពោះប្រវត្តិដែលល្ខោនទ្រើងឃ្លោក ឫយូរកេរ្តិ៍ ជាមរតកដែលបានចាប់កំណើតនៅកម្ពុជាក្រោមហើយបានត្រូវគេប្ដូរឈ្មោះមកជាល្ខោនបាសាក់នៅកម្ពុជាយើងសព្វថ្ងៃនេះ នោះគឺមានដំណើររឿងដូចតទៅនេះ៖
នៅក្នុងអំឡុងឆ្នាំ ១៩២០ មានបងប្អូនពីរនាក់ បងឈ្មោះ លី កាញ់ និង ប្អូនឈ្មោះ លី សួន និងមានដើមកំណើតកើតជានៅស្រុកបាសាក់ ដែនដីកម្ពុជា ក្រោម ។ លី កាញ់ ជាបងបានចាកចេញពីស្រុកកំណើតរបស់ខ្លួន ដើម្បីទៅរស់ នៅប្រទេសបារាំង ។ ក្រោយមកដោយការខំប្រឹងប្រែងរកទទួលទានមានបាន លី កាញ់ ក៏ក្លាយជាអ្នកមានទ្រព្យសម្បត្តិធនធានបង្គួរនៅប្រទេសបារាំង ។
ថ្ងៃមួយ លី សួន ជាប្អូនផ្ញើសំបុត្រទៅសួរសុខទុក្ខ លី កាញ់ ជាបង ហើយក៏បានសុំប្រាក់មួយចំនួនពីបង ដើម្បីប្រកបរបរជំនួញជួញដូរនៅឯស្រុកកំណើត របស់ខ្លួន ។លី កាញ់ ក្នុងទឹកចិត្តអាណិតប្អូនក្នុងទឹកចិត្តស្រណោះស្រណោក ស្រុកកំណើតជាទីរលឹករបស់ខ្លួន និងក្នុងស្មារតីចង់ថែរក្សាវប្បធម៌ពណ៌សម្បុរជាតិរបស់ខ្លួន ដែលស្ថិតក្នុងមជ្ឈដ្ឋានចម្រុះជាតិសាសន៍ឲ្យគង់វង្ស ក៏បានផ្ញើប្រាក់មកឲ្យ លី សួន ជាប្អូន ហើយបានសរសេរសំបុត្រប្រាប់ថាសូមប្អូនកុំធ្វើជំនួញដូរអ្វីក្រៅឲ្យសោះ លុយដែលបង ផ្ញើឲ្យនេះសូមប្អូនគិតយ៉ាងណាជួយពង្រីក និងថែរក្សាសិល្បៈ យូរកេរ្តិ៍ ដែលមានកំណើតនៅឃ្លាំង នៅព្រះត្រពាំងហើយដែលយើងបានមើលទាំងអស់គ្នាជាញឹកញាប់កាលនៅពីតូចៗ នោះឲ្យគង់វង្សផង ។
ដោយសារបណ្ដាំ និងជំនួយពី លី កាញ់ ជាបង លី សួន ក៏ក្លាយទៅ ជាថៅកែល្ខោនបាសាក់ដ៏ល្បីល្បាញដំបូងគេបង្អស់ដែលទស្សនិកជននិយមហៅឈ្មោះ គាត់ថា ថៅកែ “ឆាគ្រួន” ។
ក្នុងឆ្នាំ ១៩៣០ ក្នុងពេលដែលទម្រង់នេះរីកចម្រើននៅកម្ពុជាក្រោម “វៀតណាម ខាងត្បូង”ថៅកែក្រុមល្ខោនឈ្មោះលោក ឆាគ្រួន នេះបាននាំក្រុមសិល្បៈល្ខោន របស់ខ្លួនមកសម្ដែងធ្វើអាជីវកម្មនៅភ្នំពេញ និងខេត្តនានាក្នុងប្រទេសកម្ពុជា ។ ដំណើរបេសកកម្មទី១ របស់ក្រុមល្ខោនលោក ឆាគ្រួនដែលបានមកសម្ដែងនៅ ប្រទេសកម្ពុជា មិនសូវទទួលបានជោគជ័យទេ មូលហេតុមកពីទម្រង់ល្ខោននេះត្រូវប្រឡងប្រជែងជាមួយទម្រង់ដទៃទៀត ដែលមានយ៉ាងសំបូរបែបនៅកម្ពុជាភាគកណ្ដាល ដូចជាល្ខោនប្រាមោជទ័យ “១៩២០-១៩៤០” និងល្ខោនមហោរីដែលកើតមានជាយូរលង់មកហើយ ។ ពិតមែនតែលើកទី១នេះ ល្ខោនបាសាក់បានទទួលបរាជ័យ ប៉ុន្តែពេលនោះសិល្បករល្ខោនបាសាក់បានហាត់រៀន និងស្រូបយកនូវចំណេះថ្មីៗ មួយចំនួនពីទម្រង់ល្ខោននៅភ្នំពេញ ដូចជាភ្លេងមហោរី ឫចម្រៀងមហោរីជាដើម មុនពេលត្រឡប់ទៅស្រុកវិញ ។
ក្រោយពីពេលហាត់វៀន និងបានសម្ដែងច្រើនលើកច្រើនសារដោយបញ្ចូលបច្ចេកទេសថ្មីៗមួយចំនួនផង ល្ខោននេះ បានទទួលជោគជ័យកាន់តែធំធេង នៅតំបន់កូសាំងស៊ីន ។ បន្ទាប់ពីនោះមកលោក ឆាគ្រួន ក៏នាំក្រុមរបស់គាត់តាមទូក ប៉ុកចាយ ដែលមានគ្រឿងប្រដាប់ដំឡើងឆាក និងសម្ភារៈតុបតែងលំអផ្សេងៗ គឺឆាកចល័ត ដែលដំឡើងលើគោកក៏បាន ឫដំឡើងលើទូកក៏បាន ហើយនាំក្រុមសិល្បៈនេះមកសម្ដែងនៅរាជធានីភ្នំពេញ និងខេត្តឯ ទៀត ជាលើកទី២ ។ លើកនេះល្ខោន លោក ឆាគ្រួន បានទទួលជោគជ័យយ៉ាងធំធេង ក្នុងការប្រកួតប្រជែងជាមួយល្ខោន បា្រមោជ្ជទ័យ និងល្ខោនមហោរីនៅភ្នំពេញ និងតំបន់ដទៃទៀតនៅប្រទេសកម្ពុជា ពិសេសគឺខេត្តតាមមាត់ទន្លេ ។ ល្ខោនលោក ឆាគ្រួន នេះស្រូបយកទស្សនិកជនយ៉ាងច្រើនគគ្រឹកគគ្រេង ហើយបានធ្វើឲ្យល្ខោនប្រាមោជទ័យ និងល្ខោនមហោរីធ្លាក់ក្នុងវិបត្តិដ៏ធ្ងន់ធ្ងរបាត់បង់ប្រជាប្រិយភាព ហើយចំនួនទស្សនិកជនចេះតែថយចុះជាលំដាប់ ។ ដោយសារមធ្យោបាយសម្ដែងថ្មីរហ័សរហួន ស្វាហាប់ ការតុបតែងលំអឆាកសំលៀកបំពាក់ការលាបមុខ ឫគូរមុខដ៏ល្អ (កន្លែងខ្លះទទួលឥទ្ធិពលពីហ៊ីចិន) ទាំងល្បិចហោះហើរក៏ប៉ិនប្រសប់ ពិសេសសំនៀងរដឺន ទាំងសម្ដីនិយាយ ទាំងចម្រៀងរបស់ខ្មែរ បាសាក់ស្រទន់ពីរោះ ហើយពាក្យសម្ដី ប្រកបដោយអត្ថន័យ ខ្លឹមសារល្អ ព្រោះអ្នកសម្ដែងភាគច្រើនច្រើនជាអ្នកមានចំណេះជ្រៅជ្រះខាងអក្សរសិល្ប៍ និងសាសនាផង ធ្វើឲ្យទស្សនិកជននៅកម្ពុជាកណ្ដាលនេះជក់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំង រហូតដល់គេនាំគ្នាហៅ ឫឲ្យឈ្មោះទម្រង់ល្ខោននេះថា ជា “ល្ខោនបាសាក់” ដោយយកទីកន្លែងនៃទម្រង់សិល្បៈនេះរីកចម្រើន? មកដាក់ឈ្មោះឲ្យទម្រង់ល្ខោននេះតែម្ដង ។ គឺចាប់ពីពេលនោះមកហើយ ដែលល្ខោនទ្រើងឃ្លោក ឫ យូរកេរ្តិ៍ប្រែឈ្មោះជា ល្ខោនបាសាក់ដែលយើងស្គាល់ និងបានឃើញរហូតដល់សព្វថ្ងៃនេះ ។
ដោយមូលហេតុសេដ្ឋកិច្ច ក្នុងបំណងយកទម្រង់សិល្បៈធ្វើជំនួញពួកថៅកែជាច្រើននាក់នៃវង់ល្ខោននៅភ្នំពេញ បានរកវិធីធ្វើឲ្យវង់ល្ខោនលោក ឆាគ្រួន ធ្លាក់ចូលក្នុងវិបត្តិរលាយក្រុម ហើយការសម្ដែងចុះខ្សោយដោយប្រើទឹកលុយទិញ ដោយលួចលាក់នូវសិល្បករពូកែៗ គ្រូល្ខោនពូកែៗ ដើម្បីឲ្យបែកខ្ចាយចេញពីវង់ល្ខោន លោកថៅកែ ឆាគ្រួន ដើម្បីចូលមកផ្ដល់ចំណេះ និងបម្រើនៅក្នុងក្រុមសិល្បៈរបស់ខ្លួនវិញ ។ វង់សិល្បៈល្ខោនបាសាក់របស់លោក ឆាគ្រួន បានជួបប្រទះនឹងវិបត្តិយ៉ាងធំមែន ព្រោះគ្រូធំៗ ដូចជាលោកគ្រូខ្មៅលោកគ្រូខ្លា និងមិត្តភ័ក្ដិដទៃទៀតមួយចំនួន បានចាកចេញពីក្រុមលោក ឆាគ្រួន ហើយចូលទៅបង្ហាត់ចំណេះល្ខោនបាសាក់ ទាំងផ្នែកតន្ត្រី ទាំងហួន ទាំងចម្រៀង ទាំងការសម្ដែង ដោយឥតព្រាងទុកដល់ក្រុមដទៃទៀត ។ ប្រហែលជាចាប់ពីឆ្នាំ ១៩៣៧ នៅ រាជធានីភ្នំពេញ គេឃើញមានក្រុម និងរោងល្ខោនបាសាក់ជាច្រើនដូចជា រោងមួយនៅផ្សារកាប់គោ ។ ខាងលិចរោងនេះមិនឆ្ងាយប៉ុន្មាន មានរោងមួយទៀតសង់អំពីឈើដែលគេនិយមឲ្យឈ្មោះថារោងឈើ ។ ខាងលិចរោងទី២ មិនឆ្ងាយប៉ុន្មាន មានរោងល្ខោនបាសាក់មួយទៀតសង់អំពីថ្ម ដែលគេនិយមឲ្យឈ្មោះថា រោងស្ពានកូនកាត់ ឫរោងថ្ម “នៅកន្លែងវិមានឯករាជ្យសព្វថ្ងៃ” ដឹកនាំដោយអ្នកស្រីម្លិះឡា ។ រោងមួយទៀតនៅ ខាងលិច វាំងជ្រុងខាងត្បូង ដែលគេនិយមហៅថារោងសយសង្វៀន ។ មួយទៀត រោងផ្សារសួនចាស់ ឫ រោងល្ខោនក្លឹង្គ នៅចំមុខវត្តបទុមវតី ។ រោងផ្សារស៊ីឡឹបដែលដឹកនាំដោយអ្នកម្នាងម្នាក់នៃព្រះរាជា ស៊ីសុវត្ថិមុនីវង្ស គឺអ្នកម្នាង ឃុនព្រះម៉ែនាងបុប្ផានរលក្ខណ៍ យិន តាត ។ រោងមួយទៀត នៅតាខ្មៅ ខេត្តកណ្ដាល ។ ក្រោយពីនោះ មកទើបគេឃើញមានរោងដទៃទៀតជាច្រើនដូចជា រោងគីឡូលេខ ៦ ។ រោងទួលទំពូង នៅចែងខាងជើងវត្តទួលទំពូង សព្វថ្ងៃ រោងទួលគោក រោងបាក់ស្រេង និង អ្នកស្រី អ៊ុន វ៉ាង “នៅម្ដុំរោងភាពយន្តចេនឡា”សព្វថ្ងៃ ។ រោងផ្សារដេប៉ូ និង រោងដទៃទៀត សម្ដែងល្ខោនបាសាក់ជាប្រចាំ ។ ឯរោងភាពយន្តល្ខោន គឹម សឹង នៅខាងលិចផ្សារកណ្ដាល និងរោង គឹម ភុង នៅខាងត្បូងឈាងខាងលិចផ្សារថ្មីក៏មានសម្ដែងល្ខោនបាសាក់ម្ដងម្កាលដែរ ។
គឺចាប់ពីពេលនោះមកហើយដែល ល្ខោនបាសាក់ចាប់សាយភាពខ្លាំងមែនទែននៅប្រទេសកម្ពុជា តាមរយៈការធ្វើសកម្មភាពទៅមកសម្ដែងចុះឡើងៗ គ្រប់ទីកន្លែង ហើយមានក្រុមខ្លះបានទៅបោះទីតាំងនៅខេត្ត និងស្រុកនានា បានទៅបង្រៀន និងកសាងក្រុមជាច្រើនតាមមូលដ្ឋានផ្សេងៗគ្នា ។
ខាងលើនេះជាប្រវត្តិរបស់ល្ខោនបាសាក់ដែលយើងទទួលពីគ្រូចាស់ៗ និងមិត្តភ័ក្ដិខ្មែរមួយចំនួនដែលស្ថិតនៅភាគខាងត្បូង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមសព្វថ្ងៃ អមដោយឯកសារសរសេរបន្តិចបន្តួចដែលសេសសល់ពីមុនមក ។ យើងជឿជាក់ថាប្រវត្តិនេះប្រាកដជាមិនទាន់បានសុក្រឹត និងលំអិត នៅឡើយទេប៉ុន្តែទោះជាយ៉ាងណាក៏វាអាចជាមូលដ្ឋានសម្រាប់ពិចារណាខ្លះៗ របស់បណ្ដាអ្នកស្រាវជ្រាវ អ្នកសិក្សាល្ខោនអ្នកស្រឡាញ់អក្សរសិល្ប៍ ហើយនឹងប្រជាជន មហាជនដែលស្រឡាញ់សិល្បៈវប្បធម៌របស់ប្រជាជនកម្ពុជាយើងដើម្បីទុកជាទុនមូលដ្ឋានក្នុងការ ស្វែងយល់តម្លៃពិត រូបពិត ខ្លឹមសារពិត ទម្រង់ពិត និងលក្ខណៈបែបពិតទាំងឡាយនៃទម្រង់ល្ខោនខ្មែរ។
ម្យ៉ាងទៀតខ្ញុំបាទក៏សុំជម្រាបផងដែរថា ក្រោយពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈត្រូវបានបង្កើតឡើងឆ្នាំ ១៩៦៥ ទម្រង់ល្ខោនបាសាក់ក៏ដូចជា ទម្រង់សិល្បៈឯទៀតជាច្រើនដែរត្រូវបានសាកលវិទ្យាល័យ ចាត់ឲ្យមានក្រុមចុះ ធ្វើការ សិក្សាស្រាវជ្រាវរៀនសូត្រពីលោកគ្រូ អ្នកគ្រូ សិល្បករអ្នកជំនាញធំៗដូចជា លោកតា សាំង សារុន អ្នកស្រី ចេច ម៉ាច លោកគ្រូ ពៅ លោកគ្រូ ណន លោកគ្រូ សាមិត ជាដើម ។ល។ មិនត្រឹមតែប៉ុណ្ណោះទេ សាកលវិទ្យាល័យបានអញ្ជើញ លោកគ្រូ ទកខ្មៅ ដែលមានទេពកោសល្យអាចសម្ដែងជាតួឯក ជាតួយក្ស ឫ ជាត្លុកក៏បានមកបង្រៀន ជាគ្រូប្រចាំនៅមហាវិទ្យាល័យសិល្បៈនាដ្យសាស្ត្រថែមទៀតផង ។
ក្រោយពីបានសិក្សារៀនសូត្រ ភ្លេង… ចម្រៀងក្បាច់ហួនបាសាក់ និងរបៀបសម្ដែងបានត្រឹមត្រូវហើយក្រុមនិស្សិតផ្នែកល្ខោនបានសាក់… ក្នុងស្មារតីរក្សាទម្រង់ មិនឲ្យព្នាយប្រាសចាកភាពដើម និងដោយមានជំនួយពីគ្រូចាស់ៗ ក៏សាកល្បងដំឡើងរឿងមួយចំនួន ដោយរឿងដែលត្រូវសម្ដែងត្រូវសរសេរជារឿងល្ខោនដែលមានពាក្យសម្ដីត្រឹមត្រូវ ហើយដែលត្រូវឲ្យសិល្បករអ្នកសម្ដែង ទន្ទេញចាំយ៉ាងស្ទាត់ជាមុន ព្រមដោយមានការដឹកនាំរឿង ត្រឹមត្រូវផង ពោលគឺធ្វើឲ្យមានលក្ខណៈ “រៀបរយ” នៅក្នុងការសម្ដែង ដោយរក្សា អន្លើបរិយាកាសសប្បាយរីករាយ ឫកម្សត់ព្រាត់ប្រាស ឫក៏អន្លើកំប្លុកកំប្លែងទៅតាមដំណើរនៃសាច់រឿង មិនឲ្យរំខានគ្នាឡើយ ។
ក្នុងការសាកល្បងធ្វើឲ្យមានលក្ខណៈ “រៀបរយ” សម្រាប់ទម្រង់ល្ខោន បាសាក់នេះក្រោយពីបានសម្ដែងនៅទូទាំងប្រទេសជាញឹកញាប់ ឃើញថាបានលទ្ធផល គួរជាទីពេញចិត្ត ដ្បិតយើងអាចទាក់ទាញបាន ឫតម្រូវបាននូវទឹកចិត្តរបស់ទស្សនិកជន គ្រប់មជ្ឈដ្ឋាន គឺអ្នកស្រែចម្ការ អ្នកផ្សារ សិស្ស និស្សិត បញ្ញវន្ត ជាច្រើនផង ។
ចំណែកឯក្រុមសិល្បៈល្ខោនបាសាក់ នៅតាមរោងនានា ក្នុងទូទាំងប្រទេស គឺនៅរក្សារបៀបសម្ដែងបែបបុរាណដូចមុន ពោលគឺរបៀបសម្ដែងដោយឥតព្រាងទុកដដែល ៕
ល្ខោនស្រមោលស្បែកធំ គឺជាសិល្បៈខ្មែរមួយបែបមានកំណើតតាំងពីស.វទី ១ មកម្ល៉េះ ។ នេះជាការបញ្ជាក់អំពីសតិប្រាជ្ញាដ៏ភ្លឺស្វាង និងគំនិតច្នៃប្រឌិតដ៏កំពូល ដែលបង្កើតសិល្បៈនេះឡើង ឲ្យក្លាយទៅជាទស្សនីយភាពមួយដ៏អស្ចារ្យ ។ គេអាចនិយាយបានថា ល្ខោនស្រមោលស្បែកខាងលើនេះ គឺជាសិល្បៈមួយដែលប្រមូលផ្តុំនូវសិល្បៈទាំង ៧ ។