ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី «ច្បាប់ជាតិ-អន្តរជាតិពាក់ព័ន្ធឧក្រិដ្ឋកម្មឆ្លងដែន និងលិខិតបទដ្ឋានគតិយុត្តនានា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស» ដែលបានរៀបចំឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅនាយកដ្ឋានសិល្បៈទស្សនីយភាព លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ ប្រធានក្រុមការងារបង្ការ ទប់ស្កាត់ រាល់ទម្រង់នៃអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទលើស្ត្រីនិងកុមារ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញឱ្យឃើញថា៖
បច្ចុប្បន្ននេះ បញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស បាននិងកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុក និងជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ មនុស្សធម៌ សិទ្ធិមនុស្ស និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទាំងនៅក្នុងកម្រិតតំបន់ និងពិភពលោក។ ការវិវត្តយ៉ាងរហ័សនៃបច្ចេកវិទ្យា និងការតភ្ជាប់ទំនាក់ទំនងជាសកល ទោះបីជាផ្តល់ផលវិជ្ជមានជាច្រើនក៏ដោយ ក៏វាបានផ្តល់ឱកាសឱ្យក្រុមឧក្រិដ្ឋជនប្រើប្រាស់ជាឧបករណ៍ក្នុងការប្រព្រឹត្តបទល្មើសឆ្លងដែនកាន់តែមានល្បិចកលស្មុគស្មាញ កាន់តែស៊ីជម្រៅ និងពហុរូបភាព។
ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងនេះឱ្យមានប្រសិទ្ធភាព ការពឹងផ្អែកទៅលើវិធានការច្បាប់ក្នុងស្រុកមួយមុខគឺមិនទាន់គ្រប់គ្រាន់នោះទេ ទាមទារឱ្យមានការយល់ដឹងស៊ីជម្រៅអំពីលិខិតបទដ្ឋានគតិយុត្តជាតិ និងអនុសញ្ញា សន្ធិសញ្ញាអន្តរជាតិនានា ត្រូវមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងអាជ្ញាធរមានសមត្ថកិច្ច ស្ថាប័នអនុវត្តច្បាប់ អង្គការសង្គមស៊ីវិល ដៃគូអន្តរជាតិ ព្រមទាំងត្រូវមានការកសាងសមត្ថភាពបន្ថែមដល់មន្ត្រីអនុវត្តច្បាប់ និងភាគីពាក់ព័ន្ធឱ្យទាន់សភាពការណ៍ និងការប្រែប្រួលនៃបទល្មើស។
សូមបញ្ជាក់ថា សិក្ខាសាលានៅថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនចំណេះដឹង ចែករំលែកបទពិសោធន៍ និងពង្រឹងការយល់ដឹងអំពីក្របខ័ណ្ឌច្បាប់ជាតិ-អន្តរជាតិ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីយកទៅអនុវត្តក្នុងបេសកកម្ម និងការងារប្រចាំថ្ងៃរបស់អង្គភាព និងមន្ទីរនីមួយៗឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។






