បេតិកភណ្ឌវប្បធម៌អរូបី
យោងតាមអនុសញ្ញាឆ្នាំ២០០៣ របស់អង្គការយូណេស្កូ “បេតិកភណ្ឌវប្បធម៌អរូបី” គឺសំដៅទៅលើការប្រតិបត្តិ, ការបង្ហាញ, ការសម្តែងចេញមក, ចំណេះដឹង, ជំនាញ (ក្នុងនោះរួមបញ្ចូលទាំងឧបករណ៍, ប្រដាប់ប្រដា, វត្ថុ និងទីតាំងវប្បធម៌ជាប់ពាក់ព័ន្ធ) ដែលសហគមន៍, ក្រុមមនុស្ស ឬបុគ្គលទទួលស្គាល់ថាជាមត៌ករបស់ខ្លួន។
បេតិកភណ្ឌវប្បធម៌អរូបី ត្រូវផ្ទេរបន្តពីជំនាន់មួយទៅជំនាន់មួយទៀត ហើយត្រូវសហគមន៍ ឬក្រុមមនុស្សយកមកប្រតិបត្តិឡើងវិញជាប់រហូតមក ដើម្បីឆ្លើយតបទៅនឹងបរិស្ថានរស់នៅ ការប្រាស្រ័យទាក់ទងជាមួយធម្មជាតិ និងប្រវត្តិរឿងរ៉ាវរបស់ពួកគេ ព្រមទាំងផ្តល់ឱ្យសហគមន៍នោះនូវអត្តសញ្ញាណ និងនិរន្តរភាព។ ហេតុដូច្នេះបេតិកភណ្ឌវប្បធម៌អរូបីបានជួយលើកកម្ពស់ដល់ការគោរពនូវភាពចម្រុះ និងការច្នៃប្រតិដ្ឋរបស់មនុស្ស។
បេតិកភណ្ឌវប្បធម៌អរូបី
អាចស្តែងឡើងក្នុងទម្រង់ណាមួយនៅក្នុងចំណោមទម្រង់ទាំង ៥ ៖

ប្រពៃណីតាមការចងចាំ ឬមត៌កភាសា
សំដៅលើទំនៀមទម្លាប់ទាំងឡាយដែលរក្សានិងផ្ទេរពីជំនាន់មួយទៅជំនាន់មួយទៀតតាមរយៈភាសានិយាយ, ចម្រៀង, និងការសម្ដែង។ ក្នុងនោះរួមមាន សុភាសិត, ពាក្យបណ្ដៅ, រឿង និទាន, ចម្រៀងបំពេរកូន, រឿង ព្រេង, រឿងទេពកថា, កំណាព្យនិងចម្រៀងវីរកថា, របៀនស្នេហ៍, ពាក្យបួងសួង, ស្មូត្រ, ចម្រៀង, ការសម្ដែងល្ខោនជាដើម។

សិល្បៈទស្សនីយភាព
រាប់ចាប់តាំងពីសំឡេងនិងឧបករណ៍ភ្លេង, របាំនិងល្ខោន រហូតដល់ត្លុកកំប្លែង, ស្មូត្រកំណាព្យ ទាំងក្នុងនិងក្រៅបរិបទសាសនា, ការងារ និងការកម្សាន្ដ។ សិល្បៈទស្សនីយភាព ដើរតួនាទីផ្លាស់ប្ដូរវប្បធម៌ និងលើកមុខមាត់សិល្បៈជាតិ ដើម្បីបម្រើការកម្សាន្ត និងទាក់ទាញភ្ញៀវទេសចរ។

កិច្ចប្រតិបត្តិសង្គម, ជំនឿ-សាសនា, ពិធីបុណ្យ
គឺផ្នែកនៃជំនឿប្រតិបត្តិដែលមានឥទ្ធិពលលើជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្ស ហើយ បានបញ្ជាក់ពីអត្តសញ្ញាណរបស់ក្រុម ឬសង្គមនៃអ្នកប្រតិបត្តិប្រពៃណីនេះដូចជា ពិធីចូលឆ្នាំ, បុណ្យពាក់ព័ន្ធនឹងស្រូវ និងកិច្ចពិធីពាក់ព័ន្ធនឹងជំនឿអរូបីផ្សេងៗទៀតតាមទំនៀមអ្នកស្រុក។

ចំណេះដឹងប្រពៃណីទាក់ទងជាមួយធម្មជាតិនិងចក្រវាឡ
គឺរាប់បញ្ចូលទាំងចំណេះជំនាញ, ភាពប៉ិនប្រសប់, ការប្រតិបត្តិ, ស្នាដៃរបស់សហគមន៍ផ្សារភ្ជាប់ជាមួយបរិស្ថានធម្មជាតិ និងគំនិត ឬទស្សនៈយល់ឃើញពីចក្រវាឡ ដោយបង្ហាញចេញតាមរយៈភាសា, ប្រពៃណីតាមការចងចាំ, ជំនឿ ឬវិញ្ញាណជាប់ពាក់ព័ន្ធជាមួយទីកន្លែង, ព្រលឹង និងទស្សនៈនៃសង្គមរស់នៅ ។

សិប្បកម្មប្រពៃណី
សំដៅដល់ប្រពៃណីនៃការផលិតឧបករណ៍ប្រើប្រាស់ តម្បាញហូល ផាមួង ក្រមា គ្រឿងអល្លង្កា ឬឧបករណ៍ផ្សេងៗទៀតដែលធ្វើដោយដៃ សម្រាប់ស្លៀកពាក់ នេសាទ មធ្យោបាយដឹកជញ្ជូន ឬសម្ភារៈលេងកម្សាន្តជាដើម។
បេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា
ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ
គិតត្រឹមឆ្នាំ២០២៦ បេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូរួមមាន៖
របាំព្រះរាជទ្រព្យ
កាលបរិច្ឆេទចុះបញ្ជី៖
ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣ល្ខោនស្រមោលស្បែកធំ
កាលបរិច្ឆេទចុះបញ្ជី៖
ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ល្បែងទាញព្រ័ត្រ
កាលបរិច្ឆេទចុះបញ្ជី៖
ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ចាប៉ីដងវែង
កាលបរិច្ឆេទចុះបញ្ជី៖
ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ល្ខោនខោលវត្តស្វាយអណ្តែត
កាលបរិច្ឆេទចុះបញ្ជី៖
ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨គុនល្បុក្កតោ
កាលបរិច្ឆេទចុះបញ្ជី៖
ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ក្រមាក្នុងសង្គមខ្មែរ
កាលបរិច្ឆេទចុះបញ្ជី៖
ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤







