ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ប្រវត្តិក្រសួង

សាវតាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

១-សម័យសង្គមរាស្ត្រនិយម

ការងារវប្បធម៌ស្ថិតនៅក្រោមឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។

២-សម័យសាធារណរដ្ឋខ្មែរ

ទីស្តីការក្រសួងត្រូវបានបង្កើតឡើងដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី ។

៣-សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា

ទីស្តីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ១៨០ ដឹកនាំដោយសមមិត្ត កែវ ចិន្តា ជារដ្ឋមន្ត្រី បន្ទាប់មកសមមិត្ត ឆេង ផុន ជារដ្ឋមន្ត្រី។

៤-សម័យរដ្ឋកម្ពុជា

ទីស្តីការក្រសួងមានទីតាំងនៅដដែល មានឈ្មោះថា ក្រសួងឃោសនាការវប្បធម៌ ដឹកនាំដោយ លោក ហង់ ជួន ជារដ្ឋមន្ត្រី ។

៥-សម័យព្រះរាជាណាចក្រកម្ពុជា

តាមព្រះរាជក្រមលេខ នស/រកម ០១៩៦/០២ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។

  • អាណត្តិទី១ នៃរដ្ឋសភា ទីស្តីការក្រសួង មានទីតាំងនៅកន្លែងដដែល មានឈ្មោះថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកនាំដោយ ឯកឧត្តម នុត ណារ៉ាង ជារដ្ឋមន្ត្រី ។
  • អាណត្តិទី២ នៃរដ្ឋសភា ទីស្តីការក្រសួងបានប្តូរទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ ព្រះនរោត្តមលេខ២២៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដឹកនាំដោយ សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី ជារដ្ឋមន្ត្រី។
  • អាណត្តិទី៣ នៃរដ្ឋសភា ទីស្តីការក្រសួងមានទីតាំងនៅដដែល ដឹកនាំដោយ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារ៉ា សិរីវុឌ្ឍ ជារដ្ឋមន្ត្រី បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្ត្រី វ៉េង សិរីវុឌ្ឍ ជារដ្ឋមន្ត្រី (នៅគ្រាចុងអាណត្តិអាស្រ័យដោយ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារ៉ា សិរីវុឌ្ឍ ប្រឈួន) ។
  • អាណត្តិទី៤ នៃរដ្ឋសភា ទីស្តីការក្រសួងមានទីតាំងនៅដដែល ដឹកនាំដោយ ឯកឧត្តម ហ៊ឹម ឆែម ជារដ្ឋមន្ត្រី ។
  • អាណត្តិទី៥ ទី៦ និងទី៧ នៃរដ្ឋសភា ទីស្តីការក្រសួងមានទីតាំងនៅដដែល ដឹកនាំដោយ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ជារដ្ឋមន្ត្រី ។