នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជួបលោក ឡៅ ស៊ុនលី ចាងហ្វាងផលិកម្មប្រាយហ្វីម និងក្រុមការងារផលិត ដើម្បីសម្តែងការគួរសម សុំអនុសាសន៍ និងសុំកិច្ចសហការលើគម្រោងថតភាពយន្តខ្នាតធំរឿង «ល្បុក្កតោ អ្នកចម្បាំងអង្គរ» នៅទីស្តីការក្រសួង។
នៅក្នុងឱកាសនោះដែរ ក្រុមការងារផលិតក៏បានរាយការណ៍អំពីគោលបំណង និងសកម្មភាពការងារក្នុងការផលិតភាពយន្តខ្នាតធំដែលមានការចូលរួមសម្តែងពីតារាសម្តែងទាំងខ្មែរ និងបរទេស ក្នុងគោលបំណងលើកស្ទួយមរតកវប្បធម៌ និងអត្តសញ្ញាណជាតិ ពិសេសក្បាច់គុនល្បុក្កតោ ព្រមទាំងចូលរួមផ្សព្វផ្សាយតំបន់ទេសចរណ៌ជាតិទៅកាន់ឆាកអន្តរជាតិ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំបានបញ្ជាក់ថា ភាពយន្តមិនត្រឹមតែផ្តល់នូវការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអំណាចទន់ដ៏មានឥទ្ធិពល ក្នុងការផ្សព្វផ្សាយពីបេតិកភណ្ឌវប្បធម៌ជាតិដ៏សំបូរបែប និងសម្រស់ធម្មជាតិដ៏ស្រស់ស្អាតរបស់កម្ពុជាទៅកាន់ពិភពលោក។ ក្រសួងតែងតែគាំទ្រ និងលើកទឹកចិត្តដល់ការផលិតភាពយន្តប្រកបដោយគុណភាព ជាពិសេសទាក់ទងនឹងសិល្បៈ វប្បធម៌ ប្រពៃណី ប្រវត្តិសាស្រ្ត និងការរស់នៅរបស់ប្រជាជនខ្មែរ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការលើកម្ពស់កិត្យានុភាពជាតិ និងការផ្សព្វផ្សាយទាក់ទាញវិស័យទេសចរណ៍ផងដែរ។






