ប្រាសាទព្រះវិហារ មានទីតាំងស្ថិតនៅភាគខាងជើងប្រទេសកម្ពុជា ក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាប់ព្រំប្រទល់ជាមួយខេត្តស៊ីសាកេត ប្រទេសថៃ។ រមណីយដ្ឋានប្រវត្តិសាស្រ្តនេះ មានចម្ងាយប្រមាណជា៤០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងប្រមាណជា១០០ គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ សង់លើខ្ពង់រាបដ៏ខ្ពស់នៃកំពូលភ្នំដងរែកកម្ពស់៥៤៧ម៉ែត្រ និងមានកម្ពស់ខ្ពស់ជាងនីវ៉ូទឹកសមុទ្រ៦៥៧ម៉ែត្រ។
ប្រាសាទព្រះវិហារសាងសង់នៅលើភ្នំធម្មជាតិ ជាខឿនថ្នាក់ៗ ធ្វើអំពីថ្មភក់ និងថ្មភ្នំ។ ប្រាសាទនេះបែរមុខទៅទិសខាងជើង មានខ្លោងទ្វារធំចំនួនប្រាំ ហើយនៅកំពែងខ្លោងទ្វារធំនីមួយៗមានសំណង់ផ្សេងៗគ្នា។ ប្រាសាទនេះជាសំណង់ស្ថាបត្យកម្មដែលមានភាពខុសប្លែកពីសំណង់ប្រាសាទដទៃ ដោយសារភាពស្មុគស្មាញនៃសំណង់តួប៉មនីមួយៗ ហើយភ្ជាប់គ្នាដោយផ្លូវដើរ និងជណ្តើរប្រវែង៨០០ម៉ែត្រ ដែលជាលក្ខណៈពិសេសមួយនៃសំណង់ស្ថាបត្យកម្មរបស់ខ្មែរ រួមជាមួយភាពប៉ិនប្រសប់របស់ខ្មែរបុរាណក្នុងការប្រើកែប្រែភ្នំធម្មជាតិឱ្យប្រែក្លាយជាដ៏ភ្នំពិសិដ្ឋមួយ។
តាមរយៈសំណង់ស្ថាបត្យកម្ម និងសិលាចារឹកនៅប្រាសាទព្រះវិហារ អាចឱ្យយើងដឹងថាប្រាសាទនេះកសាងឡើងក្នុងរាជ្យព្រះរាជាច្រើនអង្គ ដោយមានព្រះរាជាសំខាន់ៗដូចជាព្រះបាទយសោវរ័្មនទី១ ព្រះបាទសូរ្យវរ័ន្មទី១ ព្រះបាទសូរ្យវរ័្មនទី២ ដែលជាហេតុធ្វើឱ្យ ប្រាសាទនេះមានការលម្អស្ថាបត្យកម្មខុសៗគ្នា។ ប្រភពសិលាចារឹកសំខាន់ៗចំនួនបួននៅប្រាសាទព្រះវិហារដែលចុះបញ្ជីសារពើភណ្ឌសិលាចារឹកលេខរៀង K.380, K.381, K.382 និង K.383 រួមទាំងសិលាចារឹកប្រាសាទស្តុកកក់ធំ (K. 235) សិលាចារឹកប្រាសាទបាពួន និងសិលាចារឹកប្រាសាទឃ្លាំងខាងជើង សុទ្ធសឹងជាប្រភពព័ត៌មានយ៉ាងសំខាន់អំពីប្រាសាទនេះ។
ប្រាសាទព្រះវិហារ បានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា នាកិច្ចប្រជុំលើកទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ មានក្នុងលក្ខណៈវិនិច្ឆ័យលេខ១ ដែលប្រាសាទព្រះវិហារជាសំណង់ស្ថាបត្យកម្មខ្មែរដ៏លេចធ្លោល្អឯក និងមានលក្ខណៈពិសេសទាំងការរចនាប្លង់ និងក្បាច់លម្អ រួមជាមួយរចនាសម្ព័ន្ធដ៏ស្មុកស្មាញរបស់ប្រាសាទ ដែលតភ្ជាប់គ្នាពីមួយទៅមួយនៅតាមជម្រាលភ្នំ បង្កើតបានជាទេសភាពល្អឯក និងពិសិដ្ឋទាំងផ្នែកវប្បធម៌ និងផ្នែកសាសនា៕



