នាព្រឹកថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ នេត្រ ភូម៉ារី តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួម ដាក់កម្រងផ្ការំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា នេត សុគន្ធ ដែលត្រូវជាបងស្រីបង្កើតរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៣:៥៧នាទី ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។

ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមសម្តែងនូវសមានទុក្ខ អាឡោះអាល័យ និងក្តីសង្វេគជាពន្លឹកជាមួយឯកឧត្តមសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសិកា នេត សុគន្ធ ដែលជាការបាត់បង់បងស្រី ភរិយា ម្តាយ ម្តាយក្មេក អ៊ុំស្រី ជីដូន ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ ក្នុងការថែរក្សាអប់រំ ផ្តល់ដំបូន្មានល្អៗដល់កូនចៅប្រកបដោយគន្លងធម៌ និងជាការបាត់បង់នូវពុទ្ធសានិកមួយរូប ដែលជានិច្ចកាលតែងមានសទ្ធាជ្រះថ្លា លះបង់កម្លាំងកាយចិត្ត ធនធាន ពេលវេលា រួមចំណែកទ្រទ្រង់វិស័យព្រះពុទ្ធសាសនា។
យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំបំផុតនេះជាមួយ ឯកឧត្តមសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា នេត សុគន្ធ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។





