ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


សិក្ខាសាលាស្តីពី «យុត្តិធម៌អន្តរកាល៖ កេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងបូជនីយដ្ឋានចងចាំនៃកម្ពុជា» សម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជា

សិក្ខាសាលាស្តីពី «យុត្តិធម៌អន្តរកាល៖ កេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងបូជនីយដ្ឋានចងចាំនៃកម្ពុជា» សម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជា

ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីភាព ជាមួយឯកឧត្តម ហែម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. ចូលរួមកម្មវិធីបិទសិក្ខាសាលាស្ដីពី “យុត្តិធម៌អន្តរកាល៖ កេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងបូជនីយដ្ឋានចងចាំនៃកម្ពុជា” សម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជាចំនួន ៤៥រូប នៅសារមន្ទីរទួលស្លែង។

សិក្ខាសាលានេះ សហការរៀបចំដោយសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ក្នុងបំណងពង្រឹងចំណេះដឹង និងសមត្ថភាពវិជ្ជាជីវៈរបស់មគ្គុទ្ទេសក៍ទេសចរកម្ពុជា ក្នុងការបកស្រាយអំពីប្រវត្តិសាស្ត្រសម័យខ្មែរក្រហម ស្វែងយល់បន្ថែមអំពីភស្តុតាងពាក់ព័ន្ធនឹងអតីត ម-១៣ មន្ទីរសន្តិសុខ ២១ (ស-២១) មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងសារៈសំខាន់របស់ទីតាំងទាំងនេះក្នុងនាមជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ព្រមទាំងយុត្តិធម៌អន្តរកាល ដំណើរការជំនុំជម្រះក្ដីនិងកេរដំណែលរបស់ អ.វ.ត.ក. ប្រកបដោយសុចរិតភាព ការទទួលខុសត្រូវ និងផ្អែកលើភស្តុតាង។

ឯកឧត្ដម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានប្រសាសន៍ក្នុងពិធីបិទសិក្ខាសាលា ថា សិក្ខាសាលានេះជាវេទិកាសំខាន់មួយសម្រាប់ចែករំលែកចំណេះដឹងអំពីយុត្តិធម៌អន្ដរកាល កេរដំណែលរបស់ អ.វ.ត.ក. និងតួនាទីរបស់បូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងការអប់រំសន្ដិភាពនិងភាពជាពលរដ្ឋសាកល។ ឯកឧត្តម បញ្ជាក់បន្ថែមថា សិក្ខាសាលានេះក៏ជាវេទិកាមួយសម្រាប់សិក្ខាកាមចូលរួមក្នុងកិច្ចពិភាក្សា ផ្លាស់ប្ដូរយោបល់ និងចែករំលែកបទពិសោធន៍អំពីការបកស្រាយនិងការផ្សព្វផ្សាយប្រវត្តិសាស្ដ្រឱ្យបានត្រឹមត្រូវប្រកបដោយការទទួលខុសត្រូវសមស្របទៅនឹងបរិបទសង្គម។