បច្ចុប្បន្នប្រាសាទមេបុណ្យខាងលិច បានបិទបញ្ចប់ការងារជួសជុលទាំងស្រុងហើយ។ ស្របពេលអាជ្ញាធរជាតិអប្សរា កំពុងមមាញឹករៀបចំសម្អាត រៀបចំសណ្តាប់ធ្នាប់ កែសម្រួលបរិស្ថាននៅជុំវិញប្រាសាទ គេឃើញវត្តមានភ្ញៀវទេសចរជាច្រើនបានចូលទៅទស្សនា និងថតរូប។ ភ្ញៀវទេសចរភាគច្រើនបានចាប់អារម្មណ៍នឹងទិដ្ឋភាពប្រាសាទមេបុណ្យខាងលិច ដែលបណ្តែតខ្លួននៅកណ្តាលកោះមានទឹកព័ទ្ធជុំវិញ និងកោតសរសើរចំពោះស្ថាបត្យកម្មដ៏ល្អឯកមួយនេះ។ ជាងនេះទៅទៀត គឺការជួសជុល និងលើកតម្លៃឡើងវិញ ដោយក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ដែលប្រឹងប្រែងច្រើនឆ្នាំមកនេះ។
ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងរាជរដ្ឋាភិបាលបារាំង ប្រាសាទមេបុណ្យខាងលិច បានបង្ហាញរូបរាងជាថ្មីឡើងវិញ ក្រោយពីរងការខូចខាតបាត់បង់រូបអស់មួយផ្នែកធំ។ ស្ថិតនៅកណ្តាលបារាយណ៍ ហ៊ុំព័ទ្ធដោយទឹកល្ហល្ហេវ ប្រាសាទមេបុណ្យខាងលិច មានសម្រស់ស្អាតប្លែក និងមានសោភ័ណភាពប្រែប្រួលទៅតាមពេលវេលា ចាប់តាំងពីព្រលឹមរហូតដល់ថ្ងៃលិច បាននឹងកំពុងទាក់ទាញទេសចរ ឱ្យមកទស្សនាឥតដាច់។
សូមបញ្ជាក់ថា ក្រោយពីបញ្ចប់ការងារជួសជុលប្រាសាទមេបុណ្យខាងលិច គ្រោងនឹងសម្ពោធបើកចូលទស្សនាជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ៕







