នាកំឡុងខែតុលានេះ ក្រុមការងារជំនាញនៃនាយកដ្ឋានបុរាណវិទ្យា និងក្រុមស្រាវជ្រាវនិងចងក្រងឯកសារអង្គរបុរី-ភ្នំដា បានចុះធ្វើកំណាយស្រាវជ្រាវបន្ថែមចំនួនពីរទីតាំងនៅក្នុងស្រុកអង្គរបុរី ខេត្តតាកែវរយៈពេល១០ថ្ងៃចាប់ពីថ្ងៃទី១៦-២៥ ខែតុលា ឆ្នាំ២០២៦។ កំណាយលើកនេះ បានផ្តោតទៅលើទីតាំងសំខាន់ចំនួនពីរ គឺបរិវេណក្នុងប្រាសាទភ្នំដា និងទួលយាយពុត ស្ថិតនៅក្នុងភូមិអង្គរ ឃុំព្រែកផ្ទោល។ គោលបំណងសំខាន់នៃការបើកកំណាយស្រាវជ្រាវលើកនេះ គឺដើម្បីប្រមូលទិន្និទ័យបុរាណវិទ្យាសំខាន់ៗសម្រាប់ជាមូលដ្ឋានសំខាន់ក្នុងការរៀបចំចងក្រងឯកសារ ដាក់បញ្ចូលទីតាំនេះទៅក្នុងបញ្ជីនៃបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
មុនបិតបញ្ចប់បេសកកម្មនៃការបើកកំណាយស្រាវជ្រាវនេះ ក្រុមការងារក៏បានរៀបចំការផ្សព្វផ្សាយលទ្ធផលបឋមជូនដល់ថ្នាក់ដឹកនាំ អាជ្ញាធរ យុវជន និងសិស្សានុសិស្ស នៃស្រុកអង្គរបុរីសារុបចំនួន៦៨នាក់កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់នៅទីតាំង “ទួលយាយពុត” ស្ថិតក្នុងភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ។ គោលបំណងសំខាន់ៗនៃការផ្សព្វផ្សាយនេះ គឺដើម្បីបង្ហាញពីសារសំខាន់នៃសំណល់បុរាណវិទ្យាផ្សេងៗដែលក្រុមជំនាញបានប្រទះឃើញក្រោយពេលកំណាយ និងបញ្ជ្រាបចំណេះដឹង និងជម្រុញស្មារតីចូលរួមថែរក្សាការពារសម្បត្តិបេតិកភណ្ឌជាតិ ដល់យុវជន និងសាធារណជន។
លទ្ធផលកំណាយស្រាវជ្រាវលម្អិត នឹងមានបង្ហាញនិងផ្សព្វផ្សាយជូនបន្ថែមទៀតនាពេលបញ្ចប់ការសិក្សាវិភាគ និងការចងក្រងជារបាយការណ៍ផ្សេងៗ។






