រសៀលថ្ងៃអង្គារ ១ រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិកាប្រចាំការ និងជាតំណាង់ដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយលោក Flavio Bonetti ប្រធានការិយាល័យយូណេស្កូ និងលោកស្រី Lee Sejin តំណាងទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា បានសហការដឹកនាំកិច្ចប្រជុំលើកទី២ នៃគណៈកម្មការដឹកនាំគម្រោង “អភិរក្ស និងថតចម្លងបណ្ណសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ដំណាក់កាលទី២)” នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិនិត្យពិភាក្សា និងតាមដានវឌ្ឍនភាពនៃការអនុវត្តគម្រោង បញ្ហាប្រឈម សំណូមពរ និងផ្ដល់អនុសាសន៍ណែនាំសម្រាប់ការអនុវត្តបន្ត។
សូមជម្រាបដែរថាគម្រោង “អភិរក្ស និងថតចម្លងបណ្ណសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ដំណាក់កាលទី២)” ទទួលបានការឧបត្ថម្ភហិរញ្ញវត្ថុដោយ ទីភ្នាក់ងារ KOICA និងមានការសម្របសម្រួលពីអង្គការយូណេស្កូ សម្រាប់រយៈពេល ៥ ឆ្នាំ (២០២៤-២០២៨)។
គម្រោងនេះ គោលមានបំណងលើកកម្ពស់ការយល់ពីគុណតម្លៃជាសកលនៃបូជនីយដ្ឋាននៃការចងចាំកម្ពុជា តាមរយៈការអភិរក្ស និង ផ្សព្វផ្សាយពីទីតាំងទាំងបី (អតីតមន្ទីរឃុំឃាំង ១៣ សារមន្ទីរឧក្រិដ្ឋប្រល័យពូជសាសន៍ទួលស្លែង និង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក) ទៅកាន់សាធារណជនជាតិ-អន្តរជាតិ រួមទាំងការពង្រឹងកម្មវិធីអប់រំសន្តិភាពនិងបណ្ដុះបណ្ដាលសមត្ថភាពមន្ត្រី។






