ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


អាជ្ញាធរជាតិព្រះវិហារសហការសម្របសម្រួលកម្មវិធីផ្សព្វផ្សាយគោលដៅ និងផលិតផលទេសចរណ៍សហគមន៍ ក្នុងភូមិធម្មជាតិសម្តេចតេជោហ៊ុនសែន

អាជ្ញាធរជាតិព្រះវិហារសហការសម្របសម្រួលកម្មវិធីផ្សព្វផ្សាយគោលដៅ និងផលិតផលទេសចរណ៍សហគមន៍ ក្នុងភូមិធម្មជាតិសម្តេចតេជោហ៊ុនសែន

ក្រោមគម្រោង “ស្តារវិស័យទេសចរណ៍បន្ទាប់ពីវិបត្តិកូវីដ-១៩” ដែលគាំទ្រថវិកាដោយរដ្ឋាភិបាលជប៉ុន តាមរយៈធនាគាអភិវឌ្ឍន៍អាស៊ី នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរជាតិព្រះវិហារ បានសហការជាមួយសហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ និងវេទិការសម្ព័ន្ធសង្គមស៊ីវិល និងមានការចូលរួមពីមន្ទីរទេសចរណ៍ខេត្តព្រះវិហារ រៀបចំកម្មវិធី «ផ្សព្វផ្សាយគោលដៅ និងផលិតផលទេសចរណ៍សហគមន៍» នៅមជ្ឈមណ្ឌលសហគមន៍ទេសចរណ៍ទំនប់អូរស្វាយ។ កម្មវិធីនេះ មានអ្នកចូលរួមសរុប១៣៣នាក់ ក្នុងនោះមាន សមាជិកសហគមន៍ទេសចរណ៍ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅក្នុងភូមិធម្មជាតិសម្តេចតេជោហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

កម្មវិធីនេះមានគោលបំណង ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា មកទស្សនាតំបន់នេះ ដើម្បីលើកស្ទួយសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន និងផលិតផលទេសចរណ៍ដែលមានស្រាប់នៅក្នុងសហគមន៍។ ផលិតផល និងសេវាកម្មទេសចរណ៍សំខាន់ៗរួមមាន ការជិះទូកកំសាន្តមើលទេសភាពនិងសត្វស្លាប ការរៀបកញ្ចប់ទស្សនានៅក្នុងតំបន់ ផ្ទះស្នាក់និងការបោះតង់ អមដោយការលក់ចំណីអាហារ និងមើលថ្ងៃរាបលិចនាពេលល្ងាច និងថតរូបកំសាន្ត។ កម្មវិធីនេះក៏មានការប្រណាំងទូកនៅទំនប់អូរស្វាយ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់២៧ ខែតុលា ឆ្នាំ២០២៦។