នៅរសៀលថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ដឹកនាំដោយឧត្តមនាវីត្រី Glenn Z. Dizon ប្រធានបេសកកម្ម បានអញ្ជើញទស្សនាសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ។ គណៈប្រតិភូមានចំនួន ១៨ រូប ក្នុងនោះមានជនជាតិខ្មែរ ១១ រូប និងជនបរទេស ៧ រូប។ ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ បានសម្របសម្រួលដំណើរទស្សនកិច្ចនេះ។
ឯកឧត្តម ហែម ស៊ីណាត បានជម្រាបគណៈប្រតិភូអំពីគំនិតផ្ដួចផ្ដើមបង្កើតសារមន្ទីរ និងដំណើរការសាងសង់ ព្រមទាំងប្រវត្តិសាស្ត្រ បុរាណវិទ្យា បេតិកភណ្ឌវប្បធម៌ និងធនធានធម្មជាតិនៅរមណីយដ្ឋានប្រាសាទព្រះវិហារ។ ឯកឧត្តមក៏បានពន្យល់អំពីតួនាទីរបស់សារមន្ទីរក្នុងការប្រមូល រក្សាទុក អភិរក្ស សិក្សាស្រាវជ្រាវ និងតាំងបង្ហាញសមុច្ច័យ ដើម្បីឱ្យសាធារណជនបានស្វែងយល់ពីតម្លៃបេតិកភណ្ឌជាតិ។
មន្ត្រីជំនាញសារមន្ទីរបានពន្យល់ពីខ្លឹមសារនៃការតាំងពិព័រណ៍ និងបានណែនាំវត្ថុបុរាណសំខាន់ៗដែលជួយបកស្រាយប្រវត្តិសាស្ត្រតំបន់ព្រះវិហារ។ មន្ត្រីជំនាញក៏បានបង្ហាញពីការងារដែលអាជ្ញាធរជាតិព្រះវិហារកំពុងអនុវត្ត ដើម្បីអភិរក្ស និងគ្រប់គ្រងបេតិកភណ្ឌវប្បធម៌ និងធម្មជាតិក្នុងរមណីយដ្ឋាន។ ក្នុងឱកាសនោះ គណៈប្រតិភូក៏បានពិភាក្សាអំពីប្រាសាទបុរាណខ្មែរនៅតាមបណ្ដោយព្រំដែនកម្ពុជា–ថៃផងដែរ។








