នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបង្សុកូល ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី (Professor Yoshiaki Ishizawa) ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាលធនធានមនុស្ស នៃសាកលវិទ្យាល័យសូហ្វីយ៉ា (Sophia University) ដែលបានទទួលមរណភាព កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ។
គួររំឭកជូនថា លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី (Professor Yoshiaki Ishizawa) គឺជាអ្នកប្រាជ្ញប្រវត្តិវិទូ និងជាអតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យសូហ្វីយ៉ា (Sophia University) ប្រទេសជប៉ុន។ ក្នុងនាមជាថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យសូហ្វីយ៉ា លោកសាស្ត្រាចារ្យបានរួមចំណែកជាច្រើនក្នុងកិច្ចអភិរក្ស និងជួសជុលក្នុងតំបន់រមណីយដ្ឋានអង្គរ ជាពិសេសគម្រោងជួសជុលស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត ក៏ដូចជាការបណ្តុះបណ្តាលអ្នកជំនាញអាជ្ញាធរជាតិអប្សរាជាបន្តបន្ទាប់ ស្របតាមទស្សនៈរបស់លោកសាស្ត្រាចារ្យផ្ទាល់ ដែលថា «មរតកវប្បធម៌ខ្មែរ ត្រូវតែថែរក្សាដោយខ្មែរ»។
សូមបញ្ជាក់ជូនផងដែរថា សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ដែលត្រូវបានជ្រើសរើសសម្រាប់ការរៀបចំពិធីបង្សុកូលឧទ្ទិសកុសលនាថ្ងៃនេះ ក៏ជាសមិទ្ធផលដ៏ធំធេងមួយទៀតរបស់លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ដែលបានផ្តួចផ្តើមរៃអង្គាសថវិកាសម្រាប់ការសាងសង់ ដើម្បីតាំងបង្ហាញព្រះពុទ្ធបដិមា ដែលបានធ្វើកំណាយរកឃើញនៅប្រាសាទបន្ទាយក្តី ដោយសាកលវិទ្យាល័យសូហ្វីយ៉ា កាលពីឆ្នាំ២០០១៕






