រមណីយដ្ឋានប្រាសាទកោះកេរ ជាអតីតរាជធានីខ្មែរ នៅសតវត្សទី១០ចន្លោះពីឆ្នាំ៩២៨ ដល់ឆ្នាំ៩៤១ នៃគ.ស. ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៤។ រាជធានីនេះមានឈ្មោះជាភាសាខ្មែរបុរាណ ”ឆោកគ៌គ្យរ” (មានន័យថាស្រះគគីរ) ឬឈ្មោះជាភាសាសំស្រ្តឹត “លិង្គបុរៈ” ។ រាជធានីកោះកេរមានបុរាណដ្ឋានសរុបចំនួន១៦៩ ក្នុងនោះមានប្រាសាទចំនួន៧៦ ទីតាំងមនុស្សរស់នៅ ហេដ្ឋារចនាសម្ព័ន្ធបុរាណដូចជា ប្រព័ន្ធផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ ស្រះ ត្រពាំង និងទំនប់ទឹក។ល។ ប្រាសាទប្រាង្គ (រាងថ្នាក់ៗជាពីរ៉ាមីត) ជាប្រាសាទរាជ្យតម្កល់លិង្គព្រះឥសូរឈ្មោះ “ត្រីភូវនេស្វរ” មានកម្ពស់៤ម៉ែត្រ។ ប្រាសាទប្រាង្គជាសំណង់ស្ថាបត្យកម្ម ដែលលេចធ្លោនៅរមណីយដ្ឋានប្រាសាទកោះកេរ។ ចំណែកប្រាសាទផ្សេងៗទៀតកសាងសម្រាប់តម្កល់លិង្គព្រះឥសូរ និងបដិមាសំខាន់ៗមានរូបរាងធំៗប្រកបដោយសោភ័ណភាព មានចលនារស់រវើកមានដូចជា បដិមាព្រះឥសូរាំ បដិមាព្រះព្រហ្ម បដិមាព្រះនារាយណ៍ និងចម្លាក់បដិមាប្រយុទ្ធគ្នារវាងវង្សក្សត្របាណ្ឌព និងវង្សកៅរពនៃរឿងមហាភារត និងចម្លាក់ទាក់ទងរឿងរាមកេរ្តិ៍ផងដែរ។ ដូច្នេះចម្លាក់សិល្បៈនៅកោះកេរមានភាពលេចធ្លោខ្លាំង និងរីកចំម្រើនជាងតំបន់អង្គរក្នុងសម័យដំណាលគ្នា។ កោះកេរបានបង្ហាញ រចនាបថថ្មីលើសំណង់ស្ថាបត្យកម្ម និងបដិមា ដែលសំណង់មានលក្ខណៈសំខាន់មួយក្នុងរចនាបថខ្មែរ។ ចម្លាក់ និងសិល្បៈកោះកេរទាំងចម្លាក់លើសំណង់ប្រាសាទ និងចម្លាក់ទោល គឺបង្ហាញពីការបង្កើតថ្មីរបស់សិល្បៈខ្មែរសម័យបុរាណ។
លក្ខណៈលេចធ្លោនៃរមណីយដ្ឋានប្រាសាទកោះកេរដែលមានលក្ខណៈពិសេស និងខុសប្លែកពីសម័យកាលមុនៗនោះមានពីរចំណុចសំខាន់គឺ៖ ១. ការរៀបចំក្រុង ២.បដិមាសាស្ត្រ។
១. ការៀបចំក្រុង មានលក្ខណៈលេចធ្លោនិងខុសប្លែកជាងសម័យកាលមុនៗ មានចំនួន៣សំខាន់ៗគឺ ៖
ការរៀបចំប្លង់ប្រាសាទសម្រាប់រាជ្យ ៖ ប្រាសាទរាជ្យ គឺជាប្រាសាទដែលសំខាន់ជាងគេសម្រាប់ព្រះរាជា ដែលស្ថិតនៅចំកណ្តាលនៃរាជធានីដើម្បីធ្វើពិធីសាសនា(លទ្ធិទេវរាជ) ។ ការរៀបចំប្លង់ប្រាសាទសម្រាប់រាជ្យ នៅតំបន់កោះកេរ គឺមានលក្ខណៈប្លែកពីសម័យកាលមុនៗ ដោយសាងសង់ប្រាសាទប្រាង្គ ដែលមានរាងជាពីរ៉ាមីតសម្រាប់តម្កល់លិង្គទេវរាជ បន្ទាប់មកមានប្រាសាទក្រហមដែលមានតម្កល់បដិមាព្រះសទាសិវៈមានព្រះភ័ក្ត្រ៥ ព្រះហស្ត១០ បន្ទាប់មកមានសំណង់រក្សាទឹកដ៏ធំមួយ និងមានប្រាសាទលិង្គទាំង៥ដែលសង់បែរមុខទៅរកបារាយណ៍នោះ។ គំនិតទាំងនេះ គឺមាននៅក្នុងទេវកថាដំបូងៗក្នុងជំនឿនៃព្រះសិវៈនិយម ដែលខ្មែរបានរៀបចំកសាងជារចនាសម្ព័ន្ធលើផ្ទៃដីផ្ទាល់តាមបរិបទរបស់ខ្លួន។
ការរៀបចំប្លង់ជារាងត្រីមូត៌ិ ៖ ការរៀបចំប្លង់ប្រាសាទជារាងត្រីម៌ុតិនៅតំបន់ប្រាសាទកោះកេរ ដោយសង់ជាប្រាសាទទោលដាច់ៗពីគ្នា។ ប្រាសាទប្រាង្គ សម្រាប់តម្កល់សិវៈលិង្គ ប្រាសាទបន្ទាយពីរជាន់ សម្រាប់តម្កល់ព្រះព្រហ្ម និងប្រាសាទបន្ទាយពីរជាន់សម្រាប់តម្កល់ព្រះនារាយណ៍។
ការរៀបចំប្រព័ន្ធប្រើប្រាស់ទឹកឲ្យក្លាយជាទឹកពិសិទ្ធ ៖ នៅក្នុងទស្សនៈរបស់ហិណ្ឌូបានពន្យល់ថាទឹកពិសិដ្ឋគឺជាទឹកដែលហូរចេញពីស្ថានសួគ៌នៃអាទិទេព។ នៅពេលទឹកភ្លៀងធ្លាក់មកវានឹងហូរកាត់មកលើភ្នំកៃលាស ដែលជាទីស្ថានរបស់ព្រះឥសូរ ហើយមានប្រព័ន្ធទឹកដ៏សំខាន់មួយដែលនាំទឹកពីភ្នំកៃលាសនេះទៅស្រោចស្រពលើផ្ទៃផែនដី គឺទន្លេគង្គា។
២. បដិមាសាស្ត្រ ក្រៅពីមានការរៀបចំក្រុងដែលខុសប្លែក បដិមាសាស្ត្រនៅតំបន់ប្រាសាទកោះកេរក៏មានលក្ខណៈពិសេស និងខុសប្លែកដែលគួរឲ្យកត់សម្គាល់ គឺមាន៣ចំណុចសំខាន់ៗគឺ៖
ការឆ្លាក់បដិមានៅក្នុងរចនាបថនេះមានទំហំធំៗជាងមុន បើធៀបជាមួយនឹងរចនាបថមុនៗ គឺខុសគ្នា៣ ទៅ៤ដង។ អ្វីដែលកាន់តែពិសេស បដិមាទាំងនោះឆ្លាក់ចេញពីថ្មតែមួយដុំ ជាមួយជើងទម្រ ដែលការឆ្លាក់របៀបនេះ មានលក្ខណៈពិបាក ដោយសារត្រូវស្វែងរកចំណុចកណ្តាលនៃលំនឹងរបស់បដិមា។ បន្ថែមពីនេះ បដិមាភាគច្រើនមានកាយវិការ ហាក់ដូចជាកំពុងមានចលនា ឧទាហរណ៍បដិមាពាលីប្រយុទ្ធជាមួយនឹងសុគ្រីព និងបដិមាគ្រុឌដែលយកចេញពីប្រាសាទប្រាង្គជាដើម។
ការយកខ្សែរឿងទេពកថា មកឆ្លាក់ជាចម្លាក់ទោលក៏ជាលក្ខណៈពិសេសមួយគួរឲ្យកត់សម្គាល់ដែរ ដែលកន្លងមកការឆ្លាក់រឿងទេពកថា ឬសាច់រឿងផ្សេងៗ ភាគច្រើនគេឆ្លាក់ជាទម្រង់ចម្លាក់ក្រឡោតទាបនៅលើជញ្ជាំងប្រាសាទ នៅលើហោរជាង ឬនៅលើផ្តែរជាដើម។ ការឆ្លាក់បដិមានៅក្នុងពេលនោះ គឺយកសាច់រឿងសំខាន់ៗមកឆ្លាក់ជាចម្លាក់ទោលនៅក្នុងលំហ តួយ៉ាងដូចជាចម្លាក់រឿងមហាភារតត្រង់ឈុតភីមប្រយុទ្ធជាមួយទុយ៌ោធន ដែលរកឃើញនៅប្រាសាទចិន ចម្លាក់រឿងរាមកេរ្ត៍ត្រង់ឈុតពាលីប្រយុទ្ធជាមួយនឹងសុគ្រីព និងចម្លាក់ព្រះឥសូររាំដែលរកឃើញនៅប្រាសាទក្រហមជាដើម។ គំនិតទាំងអស់នេះហើយ ដែលជះឥទ្ធិពលដល់សម័យក្រោយៗមកទៀតដែលយើងឃើញថា នៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គបានយករឿងកូរសមុទ្រទឹកដោះ មកឆ្លាក់ជាសាច់រឿងនៅក្នុងលំហ នៅខាងមុខនៃក្លោងទ្វារទាំង៥ នៃកំពែងក្រុងអង្គរធំ។
លក្ខណៈពិសេសមួយទៀតនៃបដិមានៅក្នុងតំបន់កោះកេរនោះគឺ មានការឆ្លាក់ជាសាច់រឿងដែលបង្ហាញពីវីរភាពរបស់ព្រះមហាក្សត្រ ដូចជារឿងរាមកេរ្ត៍ និងរឿងមហាភារតជាដើម ដែលរឿងទាំងពីរនេះសុទ្ធសឹងតែបានបង្ហាញពីវីរភាពរបស់ព្រះមហាក្សត្រ។ យើងឃើញមានជាចម្លាក់ទោលនៃសាច់រឿងទាំងពីរនេះនៅប្រាសាទចិនដែលជាប្រាសាទសម្រាប់ឧទ្ទិសថ្វាយដល់ព្រះនារាយណ៍។ គំនិតនៃការឆ្លាក់រឿងទាំងនេះ ព្រះបាទជ័យវរ្ម័នទី៤ទំនងជាចង់បង្ហាញពីវីរៈភាពរបស់ទ្រង់ដែលព្រះអង្គបានផ្លាស់ប្តូររាជធានីពីអង្គរមកតំបន់កោះកេរនេះ ដោយបានសាងសង់សំណង់ស្ថាបត្យកម្មផ្សេងៗ រៀបចំប្រព័ន្ធរៀបចំក្រុងដែលមានលក្ខណៈលេចធ្លោជាងសម័យកាលមុនៗ។
តំបន់ប្រាសាទកោះកេរ បានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាត នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នាកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យបីជាចម្បង (លេខ២ និងលេខ៤) នៃតម្លៃលេចធ្លោជាសាកលនៃសម្បត្តិបេតិកភណ្ឌពិភពលោក។



