ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


បូជនីយដ្ឋាននៃការចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព

បេតិកភណ្ឌរូបី
បូជនីយដ្ឋាននៃការចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព
១១​ កក្កដា ២០២៥
ប៉ារីស, ប្រទេសបារាំង

បូជនីយដ្ឋាននៃការចងចាំកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាពត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាទីក្រុងប៉ារីស ប្រទេសបារាំង។ សម្បត្តិបេតិកភណ្ឌពិភពលោកថ្មីនេះ រួមមានទីតាំងសំខាន់ចំនួន៣ គឺអតីតមន្ទីរឃុំឃាំង ម-១៣, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។ ទីតាំងទាំងបីនេះ បានបង្ហាញពីការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងសតវត្សទី២០ ដែលបានកើតឡើងក្រោមរបបខ្មែរក្រហមនៅចន្លោះឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៩។

១. អតីតមន្ទីរឃុំឃាំង ម-១៣

មានទីតាំងស្ថិតនៅព្រំប្រទល់រវាងខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។ ទីតាំងនេះគឺជាដំណាក់កាលដំបូងនៃប្រព័ន្ធសន្តិសុខ និងការគាបសង្កត់របស់ខ្មែរក្រហមក្នុងអំឡុងសង្គ្រាមស៊ីវិល ដែលបានប្រើប្រាស់ជាមន្ទីរឃុំ ឃាំងចន្លោះពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៥ មុនពេលផ្លាស់ប្តូរទៅគុកទួលស្លែងក្រោយពេលដែលខ្មែរក្រហមកាន់កាប់បានទីក្រុងភ្នំពេញទាំងស្រុងនៅថ្ងៃ១៧ មេសា ១៩៧៥។ អតីតមន្ទីរឃុំឃាំងនេះ ត្រូវបានប្រើសម្រាប់ឃុំឃាំង សួរចម្លើយ និងធ្វើទារុណកម្មអ្នកទោស ដែលភាគច្រើនត្រូវបានចាប់ខ្លួនពីតំបន់ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ។ ទីតាំងនេះ ក៏ត្រូវបានចាត់ទុកថាជាគំរូដំបូងនៃប្រព័ន្ធមន្ទីរសន្តិសុខដែលខ្មែរក្រហមបានអភិវឌ្ឍបន្តនៅទូទាំងប្រទេស។


២. សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (អតីតសន្តិសុខ២១ ឬស-២១)

មានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ដើមឡើយ ទីតាំងនេះជាសាលារៀនចំនួន២ ដែលត្រូវបានសាងសង់នៅឆ្នាំ១៩៦២ គឺសាលាបឋមសិក្សាទួលស្លែង និងវិទ្យាល័យទួលស្វាយព្រៃ។ បន្ទាប់ពីខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទីតាំងនេះត្រូវបានបម្លែងទៅជាមន្ទីរឃុំឃាំង និងមជ្ឈមណ្ឌលសួរចម្លើយដ៏សំខាន់បំផុតនៃរបបខ្មែរក្រហម។ អ្នកទោសប្រមាណពី ១៥,០០០ ដល់ ២០,០០០ នាក់ ត្រូវបានឃុំឃាំង និងធ្វើទារុណកម្មនៅទីនេះ មុនពេលបញ្ជូនទៅសម្លាប់នៅជើងឯក។ បច្ចុប្បន្ន សារមន្ទីរនេះបានរក្សាទុកឯកសារ បណ្ណសារ រូបថត និងវត្ថុតាងជាច្រើន ដែលជាភស្តុតាងសំខាន់សម្រាប់ការសិក្សា និងការចងចាំអំពីឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម។


៣. មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក

មានទីតាំងស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទីតាំងនេះ ជាកន្លែងសម្លាប់អ្នកទោសដែលត្រូវបានបញ្ជូនចេញពីគុកទួលស្លែង (ស-២១) បន្ទាប់ពីការសួរចម្លើយ និងធ្វើទារុណកម្ម។ បច្ចុប្បន្ន ទីតាំងនេះបានក្លាយជាកន្លែងរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ និងជាទីកន្លែងសម្រាប់ការអប់រំ ការចងចាំ និងការឆ្លុះបញ្ចាំងអំពីតម្លៃសន្តិភាព និងមនុស្សធម៌។

           ក្រោយពីការដួលរលំនៃរបបខ្មែរក្រហម កម្ពុជាបានខិតខំប្រឹងប្រែងអភិរក្សទីតាំងទាំងនេះ និងរៀបចំឯកសារស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីបម្លែងពីទីកន្លែងឧក្រិដ្ឋកម្មទាំងនេះ ទៅជាទីតាំងនៃការចងចាំ សន្តិភាព និងការអប់រំ។ ទីតាំងទាំងនេះ មិនត្រឹមតែបង្ហាញពីការគោរពដល់វិញ្ញាណក្ខន្ធជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីដំណើរការស្វែងរកយុត្តិធម៌ ការផ្សះផ្សាជាតិ និងការកសាងសន្តិភាពរបស់កម្ពុជា។

           យោងតាមលក្ខណៈវិនិច្ឆ័យទី៦ នៃអនុសញ្ញាបេតិកភណ្ឌពិភពលោក បូជនីយដ្ឋាននៃការចងចាំកម្ពុជា មានទំនាក់ទំនងដោយផ្ទាល់ជាមួយព្រឹត្តិការណ៍ដែលមានសារៈសំខាន់ជាសកល គឺប្រព័ន្ធគាបសង្កត់របស់ខ្មែរក្រហម ដែលត្រូវបានស្គាល់ជាអន្តរជាតិថា «វាលពិឃាត»។ ទីតាំងទាំងបីនេះ មានទាំងតម្លៃរូបី និងអរូបី តាមរយៈសំណង់ ឯកសារ បណ្ណសារ និងសក្ខីកម្មរបស់ជនរងគ្រោះ ដែលបញ្ជាក់ពីការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ជាមួយគ្នានេះ ទីតាំងទាំងនេះ ក៏បានក្លាយជាកន្លែងសម្រាប់ការរៀនសូត្រ និងបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់សហគមន៍អន្តរជាតិ ក្នុងការទប់ស្កាត់មិនឱ្យអំពើឃោរឃៅបែបនេះកើតឡើងម្តងទៀត។