ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


សប្តាហ៍ផ្លាស់ប្ដូរភាពយន្តកម្ពុជា-ចិន ឆ្នាំ២០២៦ បានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុងហ្វូចូវ ខេត្តហ្វូចៀន

សប្តាហ៍ផ្លាស់ប្ដូរភាពយន្តកម្ពុជា-ចិន ឆ្នាំ២០២៦ បានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុងហ្វូចូវ ខេត្តហ្វូចៀន

ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ លោក លឹម យូសួ អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ តំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមនិងសហការរៀបចំ សប្តាហ៍ផ្លាស់ប្ដូរភាពយន្តកម្ពុជា-ចិន ឆ្នាំ២០២៦ នៅទីក្រុងហ្វូចូវ ខេត្តហ្វូចៀន សាធារណរដ្ឋប្រជាមានិតចិន ដែលមានកិច្ចសហការរៀបចំដោយគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី រដ្ឋបាលទីក្រុងហ្វូចូវ និងខេត្តហ្វូចៀន ស្ថាប័នChina Film Achieve មហោស្រពអន្តរជាតិវិថីសូត្រ ព្រមទាំងមានការចូលរួមពីអ្នកជំនាញ និងអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យភាពយន្តពីប្រទេសទាំងពីរផងដែរ។ ក្នុងឱកាសនេះ គណៈប្រតិភូកម្ពុជាបានចូលរួមពិធីបើកជាផ្លូវការ ដែលមានការសម្តែងរបាំអប្សារា ការចាក់បញ្ចាំងភាពយន្តខ្មែរ និងការចុះហត្ថលេខារវាងផលិតកម្មនិងក្រុមហ៊ុនឯកជននៃប្រទេសទាំងពីរ។

លើសពីនេះ កម្មវិធីនេះក៏បានរៀបចំវេទិកា ស្ដីពី «បច្ចេកវិទ្យាស្តារភាពយន្តចាស់ៗ» ដែលមានការចូលរួមពីអ្នកជំនាញ ដើម្បីចែករំលែកបទពិសោធ និងពង្រឹងសមត្ថភាពបច្ចេកទេសក្នុងការអភិរក្ស និងអភិវឌ្ឍបច្ចេកវិទ្យាស្តារភាពយន្តចាស់ៗផងដែរ។ ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជាក៏បានអញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធានឌីជីថលរបស់China Film Archive នៅក្រុងអានស៊ី (Anxi Digital Resource Center) ដើម្បីស្វែងយល់អំពីបច្ចេកវិទ្យាស្តារភាពយន្ត ពង្រឹងការផ្លាស់ប្ដូរបទពិសោធ និងឱកាសកិច្ចសហប្រតិបត្តិការនាពេលអនាគត។

ព្រឹត្តិការណ៍នេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងវិស័យវប្បធម៌ និងភាពយន្ត ដោយផ្តោតលើការអភិរក្សបេតិកភណ្ឌ និងការអភិវឌ្ឍឧស្សាហកម្មភាពយន្តឲ្យកាន់តែរីកចម្រើន។