នាព្រឹកថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នាយកដ្ឋានបុរាណវត្ថុ និងបញ្ជីសារពើភណ្ឌ នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ បានរៀបចំសិក្ខាសាលាស្តីពី «នីតិវិធីស្នើសុំលិខិតអនុញ្ញាតនាំចេញ-នាំចូលវត្ថុសិល្បៈតាមប្រព័ន្ធបញ្ជរតែមួយជាតិ» ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្ត នគរបាលការពារបេតិកភណ្ឌ វិស័យឯកជន ភ្នាក់ងារដឹកជញ្ជូន អាជីវករ និងសិប្បករ សរុបចំនួន ៨២ នាក់។
សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងដល់អ្នកពាក់ព័ន្ធអំពីនីតិវិធី និងការប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិសម្រាប់ការស្នើសុំលិខិតអនុញ្ញាតនាំចេញ-នាំចូលវត្ថុសិល្បៈ ព្រមទាំងចែករំលែកបទពិសោធន៍ជាក់ស្តែងតាមរយៈបទបង្ហាញរបស់វាគ្មិនពីររូប មកពីនាយកដ្ឋានបុរាណវត្ថុ និងបញ្ជីសារពើភណ្ឌ និងតំណាងមកពីក្រុមហ៊ុនដឹកជញ្ជូន DHL។ ជាមួយគ្នានេះ សិក្ខាកាមបានចូលរួមពិភាក្សាផ្លាស់ប្តូរមតិយោបល់ កំណត់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយសមស្រប ដើម្បីពង្រឹងកិច្ចសហការរវាងក្រសួង និងវិស័យឯកជន ក្នុងន័យលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព និងភាពងាយស្រួលនៃការផ្តល់សេវាសាធារណៈ ព្រមទាំងពង្រឹងការគ្រប់គ្រង និងការការពារបេតិកភណ្ឌវប្បធម៌ជាតិ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ តាមរយៈបទបង្ហាញរបស់មន្ត្រីជំនាញ បានបង្ហាញថា ចំនួនលិខិតអនុញ្ញាត និងចំនួនវត្ថុសិល្បៈដែលបានស្នើសុំការអនុញ្ញាតមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលឆ្លុះបញ្ចាំងពីការចូលរួមកាន់តែសកម្មរបស់វិស័យឯកជនក្នុងការប្រើប្រាស់សេវាតាមប្រព័ន្ធឌីជីថលនេះ។ ជាមួយគ្នានេះ លទ្ធផលស្ទង់មតិអ្នកប្រើប្រាស់ក៏បានបង្ហាញពីការពេញចិត្តចំពោះភាពងាយស្រួលនៃការប្រើប្រាស់ប្រព័ន្ធ ការកាត់បន្ថយពេលវេលា និងនីតិវិធីរដ្ឋបាល ព្រមទាំងភាពងាយស្រួលក្នុងការតាមដានពាក្យស្នើសុំ។ ចំពោះទិសដៅការងារបន្ត ក្រសួងនឹងបន្តពិនិត្យ និងពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាតាមប្រព័ន្ធបញ្ជរតែមួយជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថល។ ជាមួយគ្នានេះ ក្រសួងនឹងបន្តសិក្សាលទ្ធភាពពង្រីកការធ្វើប្រតិភូកម្មមុខងារនេះទៅកាន់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្តគោលដៅមួយចំនួនបន្ថែមទៀត ដើម្បីនាំយកសេវាសាធារណៈឱ្យកាន់តែខិតជិតអ្នកប្រើប្រាស់ និងធានាបាននូវប្រសិទ្ធភាព គុណភាព និងភាពហ្មត់ចត់ក្នុងការត្រួតពិនិត្យតាមជំនាញ។






