នាព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៦ នៅរោងភាពយន្ត Fable Cinema គណៈកម្មការរៀបចំ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៥ បានរៀបចំសន្និសីទសារព័ត៌មាន និងធ្វើបទបង្ហាញជូនអ្នកឧបត្ថម្ភកម្មវិធី ដៃគូសហការ និងផលិតករវ័យក្មេង ដើម្បីផ្សព្វផ្សាយជាផ្លូវការអំពីការរៀបចំមហោស្រព និងសកម្មភាពសំខាន់ៗនៃមហោស្រពឆ្នាំ២០២៦។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ឯក ប៊ុនថា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសាស្ត្រាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងវត្តមានអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីផលិតករភាពយន្ត តំណាងរោងភាពយន្ត ក្រុមហ៊ុនសហការឧបត្ថម្ភ ដៃគូ និងអ្នកសារព័ត៌មានសរុប ១០០នាក់។
មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៥ នឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលសន្និសីទចតុម្មុខ និងតាមបណ្តារោងភាពយន្តមួយចំនួនក្នុងរាជធានីភ្នំពេញ ក្រោមពាក្យស្លោក៖
«ភាពយន្តខ្នាតខ្លី ជាជំហានឆ្ពោះទៅភាពយន្តខ្នាតវែង»
ក្នុងសន្និសីទនេះ ក៏មានការប្រកាសជាផ្លូវការអំពី ទូតសុឆន្ទៈរបស់មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៥ និងផ្តល់ឱកាសដល់អ្នកសារព័ត៌មានចូលរួមសួរ-ឆ្លើយអំពីមហោស្រពផងដែរ។
សូមចូលរួមគាំទ្រ និងអបអរសាទរមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៥!







