នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រៀបចំកម្មវិធីផ្សព្វផ្សាយនូវលទ្ធផលនៃកំណាយស្រាវជ្រាវទួលភ្នំតូច។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងារទទួលខុសត្រូវដឹកនាំស្រាវជ្រាវ និងចងក្រងឯកសារបុរាណស្ថានអង្គរបុរី និងភ្នំដា ព្រមទាំង ឯកឧត្តម លី វណ្ណា អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលស្រុកអង្គរបុរី អាជ្ញាធរពាក់ព័ន្ធ សិស្សានុសិស្ស និងសមាជិក ស.ស.យ.ក ស្រុកអង្គរបុរី សរុបអ្នកចូលរួមចំនួន ៦៨នាក់។
គោលបំណងសំខាន់នៃការរៀបចំកម្មវិធីនេះ គឺដើម្បីផ្សព្វផ្សាយពីលទ្ធផលស្រាវជ្រាវថ្មីៗ និងរំលេចពីតម្លៃប្រវត្តិសាស្ត្រដ៏រុងរឿងនៃក្រុងអង្គរបុរី ជូនដល់អាជ្ញាធរមូលដ្ឋាន យុវជន និងសិស្សានុសិស្ស ក្នុងន័យបញ្ជ្រាបការយល់ដឹង និងបំផុសស្មារតីសាមគ្គីភាពក្នុងការចូលរួមថែរក្សាកេរដំណែលវប្បធម៌ជាតិឱ្យបានគង់វង្សជារៀងរហូត។






