នារសៀលថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួម ដាក់កម្រងផ្ការំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ដែលត្រូវជាស្វាមី លោកជំទាវ មហាឧបាសិកា សុខ កែវ សិរីធម្មសុខាភិរ័តន៍ ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០០:២៩នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ។
ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមសម្តែងនូវសមានទុក្ខ អាឡោះអាល័យ និងក្តីសង្វេគជាពន្លឹកជាមួយ លោកជំទាវ មហាឧបាសិកា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ដែលជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទួត ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ ក្នុងការថែរក្សាអប់រំ ផ្តល់ដំបូន្មានល្អៗដល់កូនចៅប្រកបដោយគន្លងធម៌ និងជាការបាត់បង់នូវឥស្សរជនមួយរូប ដែលជានិច្ចកាលតែងលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី រួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល តាមរយៈបេសកកម្មជំរុញវិស័យកសិកម្មនៅកម្ពុជា ឱ្យមានភាពរីកចម្រើន ដើម្បីបម្រើឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជន។
យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំបំផុតនេះជាមួយ លោកជំទាវ មហាឧបាសិកា ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។







