នៅថ្ងៃអាទិត្យ២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យបណ្ឌិត វង្ស សុធារ៉ា បានដឹកនាំលោកសាស្ត្រាចារ្យចំនួន១០០នាក់ និងនិស្សិតនៃមហាវិទ្យាល័យប្រវត្តិវិទ្យាចំនួន១០០នាក់មកទស្សកិច្ចសិក្សាស្វែងយល់ពីតម្លៃប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មល្អឯកនៃរមណីយដ្ឋានប្រាសាទកោះកេរ ដែលទទួលស្វាគមន៍យ៉ាងស្និទស្នាលពីលោក ភិន ភក្តី អនុប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារ។
លោក ភិន ភក្តី បានពន្យល់ និងបកស្រាយពីខ្លឹមសារប្រវត្តិសាស្ត្រ រួមទាំងតម្លៃលេចធ្លោរជាសាកលដល់អ្នកចូលរួម អំពីហេតុផលដែលរមណីយដ្ឋាននេះត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់យូណេស្កូបានសម្រេចនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ លោកសាស្ត្រាចារ្យ និងនិស្សិតទាំងអស់បានទស្សនាដោយក្តីរីករាយនូវកិច្ចការជូសជុលប្រាសាទក្រហមដែលកំពុងអនុវត្ត និងទិដ្ឋភាពស្រស់បំព្រោងនៃរមណីយដ្ឋាននេះក្នុងរដូវវស្សាពីខាងលើប្រាសាទប្រាង្គ។
ក្រោយការទស្សនា និងស្វែងយល់ លោក សាស្ត្រាចារ្យបណ្ឌិត វង្ស សុធារ៉ា បានថ្លែងអំណរគុណដល់មន្ត្រីនៃអាជ្ញាធរជាតិព្រះវិហារលើការយកចិត្តទុកដាក់ថែទាំមត៌កដូនតាសម្រាប់អ្នកជំនាន់ក្រោយ និងការពន្យល់យ៉ាងក្បោះក្បាយពីប្រវត្តិសាស្រ្តនៃរមណីយដ្ឋានប្រាសាទកោះកេរនេះ។





