នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ទៅជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៥ ខេត្តព្រះវិហារ និងកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩០៥ ខេត្តឧត្ដរមានជ័យ ដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែន។
នាឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ជូនចំពោះបងប្អូនកងកម្លាំងនគរបាលយើង ហើយលោកជំទាវបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងវរសេនាតូចនគបាលការពារព្រំដែនគោកលេខ៧៩៥ និងលេខ៩០៥ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ក្នុងការការពារបូរណភាពទឹកដី ការពារប្រជាជនប្រកបដោយភាពអង់អាចក្លាហាន។
សូមជម្រាបជូនផងដែរថា លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តី តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនកងកម្លាំងនគរបាលយើង ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន តាមរយៈការចុះសួរសុខទុក្ខក្នុង១ឆ្នាំ ២ដង គឺក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បើទោះបី លោកជំទាវ មានកិច្ចការមមាញឹកយ៉ាងណាក៏ដោយ ។ សកម្មភាពទាំងនេះគឺបញ្ជាក់ឱ្យឃើញពី សម្ព័ន្ធមេត្រីភាពដ៏រឹងមាំ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ តាមគោលការណ៍ណែនាំដ៏ឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
លោកបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំដល់កងកម្លាំងយើងត្រូវថែរក្សាសុខភាពឱ្យបានល្អ និងជូនពរដល់បងប្អូនកងកម្លាំងនគរបាលយើងទាំងអស់ សូមបានជួបប្រទះតែសេចក្ដីសុខ សុវត្ថិភាព និងឈ្នះអស់មាសត្រូវ។







