ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


គណៈប្រតិភូក្រសួងវប្បធម៌​និងវិចិត្រសិល្បៈ​ បានអញ្ជើញចុះសួរសុខទុក្ខ​ និងនាំយកគ្រឿងឧបភោគបរិភោគទៅជូនកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ​៧៩៥​ ខេត្តព្រះវិហារ​ និងកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ​៩០៥​ ខេត្តឧត្ដរមានជ័យ

,
គណៈប្រតិភូក្រសួងវប្បធម៌​និងវិចិត្រសិល្បៈ​ បានអញ្ជើញចុះសួរសុខទុក្ខ​ និងនាំយកគ្រឿងឧបភោគបរិភោគទៅជូនកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ​៧៩៥​ ខេត្តព្រះវិហារ​ និងកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ​៩០៥​ ខេត្តឧត្ដរមានជ័យ

នាថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ​ ភឿង​ សកុណា​ រដ្ឋមន្រ្តីក្រសួងវប្បធម៌​និងវិចិត្រសិល្បៈ​ អមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង​ បានអញ្ជើញចុះសួរសុខទុក្ខ​ និងនាំយកគ្រឿងឧបភោគ​បរិភោគ​ ទៅជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ​៧៩៥​ ខេត្តព្រះវិហារ​ និងកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ​៩០៥​ ខេត្តឧត្ដរមានជ័យ​ ដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែន។

នាឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ​រដ្ឋមន្រ្តី​ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ព្រមទាំងសម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ និងលោកជំទាវបណ្ឌិត​ ពេជ​ ច័ន្ទមុន្នី​ ជូនចំពោះបងប្អូនកងកម្លាំង​នគរបាលយើង​ ហើយលោកជំទាវបណ្ឌិតសភាចារ្យ​ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះកងកម្លាំងវរសេនាតូចនគបាលការពារព្រំដែនគោកលេខ​៧៩៥​ និងលេខ៩០៥ ​ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ក្នុងការការពារបូរណភាពទឹកដី​ ការពារប្រជាជនប្រកបដោយភាពអង់អាចក្លាហាន​។

សូមជម្រាបជូនផងដែរថា​ លោកជំទាវបណ្ឌិតសភាចារ្យ​ រដ្ឋមន្រ្តី​ តែងតែយកចិត្តទុកដាក់​ចំពោះសុខទុក្ខរបស់បងប្អូនកងកម្លាំងនគរបាលយើង​ ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន​ តាមរយៈការចុះសួរសុខទុក្ខ​ក្នុង១ឆ្នាំ​ ២ដង​ គឺក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ​ និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ បើទោះបី​ លោកជំទាវ​ មានកិច្ចការមមាញឹកយ៉ាងណា​ក៏ដោយ​ ។ សកម្មភាពទាំងនេះគឺបញ្ជាក់ឱ្យឃើញពី​ សម្ព័ន្ធមេត្រីភាពដ៏រឹងមាំ​ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ​ និងកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២​ តាមគោលការណ៍ណែនាំដ៏ឈ្លាសវៃ​ របស់សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា។

លោកបណ្ឌិតសភាចារ្យ​រដ្ឋមន្រ្តី​ ក៏បានណែនាំដល់កងកម្លាំងយើង​ត្រូវថែរក្សាសុខភាព​ឱ្យបានល្អ និងជូនពរដល់បងប្អូនកងកម្លាំងនគរបាលយើងទាំងអស់​ សូមបានជួបប្រទះតែសេចក្ដី​សុខ​ សុវត្ថិភាព​ និងឈ្នះអស់មាសត្រូវ។