ឯកឧត្តម កែវ កាន់វីរៈ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមដំណើរដោយឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងមន្ត្រីតំណាងក្រសួងទេសចរណ៍ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ WU CHUNHUA អភិបាលរងនៃតំបន់ស្វយ័តស៊ីស៊ុងបាណា ខេត្តយូណាន រួមនឹងថ្នាក់ដឹកនាំស្ថាប័នមួយចំនួនទៀត ដែលបានពិភាក្សាផ្តោតលើយន្តការសំខាន់ៗដូចជា៖
- ការពង្រឹង និងលើកស្ទួយសិល្បៈវប្បធម៌ក្នុងតំបន់ទន្លេមេគង្គ-ឡានឆាង
- ការផ្លាស់ប្ដូរប្រជាជន និងប្រជាជន
- ការជំរុញឱ្យមានកិច្ចផ្លាស់ប្ដូរសិល្បៈវប្បធម៌រវាងជនជាតិដើម និងជនជាតិដើម
- ការជំរុញកំណើនទេសចរចិន ពីស៊ីស៊ុងបាណា ទៅទស្សនាកម្ពុជា ពិសេសតំបន់ប្រាសាទអង្គរវត្ត
- ការបង្កើនចរនុ្តសេដ្ឋកិច្ចក្នុងតំបន់ ដោយគាំទ្រដល់ប្រព័ន្ធការងារ និងទំនាក់ទំនងពាណិជ្ជកម្ម
- ការបន្តពង្រឹង និងលើកស្ទួយកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ស្របតាមគោលនយោបាយស៊ីជម្រៅរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ៖
- គំនិតផ្ដួចផ្តើមផ្លូវ១ ខ្សែក្រវ៉ាត់១
- មិត្តភាពដែកថែប
- កិច្ចសហប្រតិបត្តិការត្បូងពេជ្រ
ក្នុងនោះដែរឯកឧត្តម ក៏បានថ្លែងអំណរគុណដល់មិត្តចិន ដែលតែងផ្តល់ការគាំទ្រដល់ការអនុម័តលើគម្រោងនានារបស់កម្ពុជា ដែលស្ថិតក្រោមមូលនិធិពិសេសក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ បច្ចុប្បន្នអាជ្ញាធរជាតិអប្សរា តាមរយៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បាននឹងកំពុងបន្តអនុវត្តន៍យ៉ាងសកម្មនៅគម្រោងជួសជុលរានហាលខាងកើតនៃប្រាសាទបេងមាលា។ ឯកឧត្តមសង្ឃឹមថានៅពេលការអនុវត្តគម្រោងដំណាក់កាលទី២ បានបញ្ចប់សព្វគ្រប់ ក្រុមការងារនឹងអាចអញ្ជើញតំណាងគណៈប្រតិភូនៃតំបន់ស្វយ័តស៊ីសុងបាណា ចូលរួមក្នុងពិធីបិទបញ្ចប់គម្រោង និងទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរ ស្របតាមអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីសម្ព័ន្ធភាពនៃខេត្តសៀមរាប និងខេត្តយូណាន។ ក្រៅពីជំនួបផ្លូវការរវាងលោកជំទាវអភិបាលរង និងមន្ត្រីតំណាងស្ថាប័ននានា គណៈកម្មការក៏បានរៀបចំកម្មវិធីទស្សនកិច្ចជូនគណៈប្រតិភូកម្ពុជា និងគណៈប្រតិភូនៃបណ្ដាប្រទេសមេគង្គ-ឡានឆាង ឱ្យបានទៅទស្សនកិច្ចស្វែងយល់អំពីតំបន់វប្បធម៌ ទេសចរណ៍ធម្មជាតិ សារមន្ទីរសិល្បៈ និងភូមិជនជាតិដើមភាគតិច ដែលស្ថិតនៅក្នុងតំបន់ស្វយ័តស៊ីស៊ុងបាណា ផងដែរ៕






