នៅរសៀលថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមនឹងសហការី បាននាំយកថវិកា និងលិខិតរំលែកមរណទុក្ខ របស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ទៅចូលរួមបុណ្យសពលោក ផៃ ផុងរ៉ាក់ ដែលបានទទួលមរណភាពនាថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសដ៏សែនវិយោគនេះ យើងខ្ញុំទាំងអស់ សូមសម្ដែងនូវសមានទុក្ខអាឡោះអាល័យ និង ក្ដីសង្វេគជាពន្លឹកជាមួយលោកស្រី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោក ផៃ ផុងរ៉ាក់ គឺជាការ បាត់បង់នូវស្វាមី ឳពុក ឳពុកក្មេក ជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់ នូវអតីតតារាចម្រៀងដ៏ឆ្នើមមួយរូប ដែលបានរួមចំណែកលើកស្ទួយតម្លៃសិល្បៈចម្រៀងខ្មែរផងដែរ។ ថ្វីបើ លោក ផៃ ផុងរ៉ាក់ បានលាចាកលោកទៅហើយក្ដី ប៉ុន្តែសូរសំនៀង និងស្នាដៃបទចម្រៀងរបស់លោក នៅតែ ដក់ជាប់ក្នុងដួងចិត្តរបស់មហាជនជាប់ជានិច្ច ទាំងក្នុង និងក្រៅប្រទេស។
ជាថ្មីម្ដងទៀត យើងខ្ញុំជាថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមចូលរួម រំលែកនូវមរណទុក្ខដោយក្ដីស្រណោះ និងការអាឡោះអាល័យជាអនេកប្បការ ចំពោះ លោក ផៃ ផុងរ៉ាក់ ជាមួយលោកស្រី ព្រមទាំងក្រុមគ្រួសារ ដោយក្ដីក្ដុកក្ដួលជាទីបំផុត និងសូមឧទ្ទិសបួងសួង សូមដួងវិញ្ញាណក្ខន្ធ លោក ផៃ ផុងរ៉ាក់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។







