សន្និសីទនេះបានផ្តោតលើការពិភាក្សានិងការប្រមូលធាតុចូលពីអ្នកជំនាញគោលនយោបាយ តំណាងរដ្ឋាភិបាល វិស័យឯកជន និងស្ថាប័នអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រតិដ្ឋប្រកបដោយបរិយាបន្ន និងចីរភាព ព្រមទាំងជំរុញការដាក់បញ្ចូល «ចក្ខុវិស័យហ្សាការតាសម្រាប់សេដ្ឋកិច្ចច្នៃប្រតិដ្ឋឆ្នាំ២០២៦» ទៅក្នុងរបៀបវារៈអភិវឌ្ឍន៍សកលក្រោយឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។
តាមរយៈសន្និសីទនេះ កម្ពុជាទទួលបានបទពិសោធ និងធាតុចូលសំខាន់ៗពីអន្តរជាតិ សម្រាប់ជាមូលដ្ឋានក្នុងការសិក្សា និងរៀបចំក្របខណ្ឌគោលនយោបាយស្តីពីឧស្សាហកម្មវប្បធម៌ច្នៃប្រតិដ្ឋ ជាពិសេសការកំណត់ទិសដៅអភិវឌ្ឍន៍ ការពង្រឹងប្រព័ន្ធគាំទ្រដល់អ្នកបង្កើតស្នាដៃ និងធុរកិច្ចច្នៃប្រតិដ្ឋ ការការពារកម្មសិទ្ធិបញ្ញា ព្រមទាំងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការរវាងវិស័យរដ្ឋនិងឯកជន។
ឆ្លៀតឱកាសនោះផងដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បានជួបពិភាក្សាការងារជាមួយតំណាងប្រទេសមួយចំនួន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងជួបពិភាក្សាការងារស្តីពីការអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ច្នៃប្រតិដ្ឋ ដោយផ្តោតលើវិស័យភាពយន្ត ការការពារកម្មសិទ្ធិបញ្ញា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ រួមទាំងឧទ្យានច្នៃប្រតិដ្ឋ។








