ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


យុវសិស្សវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ស្វែងយល់ពីអាថ៌កំបាំងប្រាសាទបុរាណ

,
យុវសិស្សវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ស្វែងយល់ពីអាថ៌កំបាំងប្រាសាទបុរាណ

ការសិក្សាពីប្រវត្តិសិល្បៈមិនត្រឹមតែជាការទស្សនាផ្ទាំងទស្សនីយភាពនៃសំណង់បុរាណប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសោគន្លឹះ ដ៏សំខាន់ក្នុងការបើកកកាយអាថ៌កំបាំង និងតម្រុយប្រវត្តិសាស្ត្រនៃប្រាសាទនានា ដូចជាសម័យកាលនៃការសាងសង់ និងទម្រង់វិវត្តនៃស្ថាបត្យកម្មពីសម័យកាលមួយទៅសម័យកាលមួយ។

លោក អន សុភាព បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានពន្យល់ថា ក្រៅពីទិន្នន័យអាយុកាលដែលបានមកពីការធ្វើកំណាយស្រាវជ្រាវតាមបែបបុរាណវិទ្យា ការសិក្សាប្រៀបធៀបទៅលើ «រចនាបថសិល្បៈ» របស់ប្រាសាទនីមួយៗ គឺជាវិធីសាស្ត្រគន្លឹះដែលជួយឱ្យអ្នកស្រាវជ្រាវអាចកំណត់ប្រវត្តិនៃការសាងសង់របស់ប្រាសាទទាំងនោះបានយ៉ាងច្បាស់លាស់។ វិវត្តនៃរចនាបថសិល្បៈខ្មែរ ពីមុនសម័យអង្គរដល់សម័យអង្គរ បានបង្ហាត់បង្ហាញនៅក្នុងវគ្គបណ្តុះបណ្តាល នៃកម្មវិធីអប់រំបេតិកភណ្ឌ ជូនដល់សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង។ លោក អន សុភាព បានគូសបញ្ជាក់ថា ផ្អែកលើការសិក្សាកន្លងមក អ្នកជំនាញបានបែងចែករចនាបថសិល្បៈក្នុងសម័យបុរាណជា២ ដំណាក់កាលធំៗ រួមមាន ១៤ រចនាបថផ្សេងគ្នា៖

– មុនសម័យអង្គរ (មាន៤រចនាបថ)៖ រចនាបថភ្នំដា, សំបូរព្រៃគុក, ព្រៃក្មេង និងកំពង់ព្រះ។

– សម័យអង្គរ (មាន១០រចនាបថ)៖ រចនាបថគូលែន ព្រះគោ បាខែង កោះកេរ ប្រែរូប បន្ទាយស្រី ឃ្លាំង បាភួន អង្គរវត្តនិងបាយ័ន។

តើហេតុអ្វីបានជាត្រូវបែងចែករចនាបថសិល្បៈ? ពីព្រោះប្រាសាទបុរាណមួយចំនួនធំ ពុំមានបន្សល់ទុកសិលាចារឹកដើម្បីប្រាប់យើងពីព័ត៌មានទូទៅនោះឡើយ។ តួយ៉ាង ប្រាសាទអង្គរវត្ត ដែលជាកំពូលស្ថាបត្យកម្មដ៏ធំស្កឹមស្កៃ ក៏ពុំមានសិលាចារឹកណាមួយបញ្ជាក់ផ្ទាល់ពីកាលបរិច្ឆេទនៃការសាងសង់នោះដែរ។ ហេតុនេះហើយ ទើបអ្នកបុរាណវិទ្យាត្រូវប្រើប្រាស់វិធីសាស្ត្រ «សិក្សាប្រៀបធៀប» ដោយផ្អែកលើធាតុផ្សំសំខាន់ៗចំនួន២គឺ៖ ផ្នែកស្ថាបត្យកម្ម និងលម្អស្ថាបត្យកម្ម ដែលពិនិត្យមើលរូបរាងប្លង់ ផ្តែរ ហោជាង សសរពេជ្រ និងសសរផ្អោប និង ផ្នែកបដិមាសាស្ត្រ ឬចម្លាក់ ដោយសិក្សាទៅលើទម្រង់ រូបរាង ចរិតលក្ខណៈនៃរូបបដិមា និងរឿងរ៉ាវដែលឆ្លាក់រៀបរាប់នៅលើជញ្ជាំងប្រាសាទ។

ការសិក្សាស្វែងយល់ពីប្រវត្តិសិល្បៈខ្មែរ គឺជារឿងរ៉ាវដ៏មានតម្លៃដែលមិនអាចមើលរំលងបានឡើយ ព្រោះវាជាមត៌កវប្បធម៌ដ៏សម្បូរបែបដែលបានចាក់ឫសយ៉ាងជ្រៅ និងបន្តរស់រានរហូតមកដល់បច្ចុប្បន្ន។

លោក អន សុភាព បានសង្កត់ធ្ងន់ថា ក្នុងនាមជាយុវជនបន្តវេន ជាពិសេសប្អូនៗយុវជនដែលរស់នៅតំបន់ជុំវិញរមណីយដ្ឋានប្រាសាទបុរាណផ្ទាល់ គឺមានតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការសិក្សាឈ្វេងយល់ ចូលរួមថែរក្សា និងអភិរក្សមត៌កបេតិកភណ្ឌជាតិដ៏អស្ចារ្យទាំងនេះ ឱ្យបានគង់វង្សស្ថិតស្ថេរជាដរាបរៀងទៅអនាគត៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ស៊ិន ប្រណី