អាជ្ញាធរជាតិព្រះវិហារ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ឯកឧត្តមអគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំនាយកដ្ឋានទាំង៧ចំណុះអ.ជ.ព.វ. មន្រ្តីរាជការ និងបុគ្គលិកអ.ជ.ព.វ. ប្រមាណជាង១០០នាក់។
នៅក្នុងអង្គសន្និបាតនេះ មានការធ្វើបទបង្ហាញអំពីលទ្ធផលការងារប្រចាំឆមាសទី១ ដោយឯកឧត្តមអគ្គនាយករង ទទួលបន្ទុករមណីយដ្ឋានប្រាសាទព្រះវិហារនិងកោះកេរ និងការប្តេជ្ញាចិត្តក្នុងការអនុវត្តនូវផែនការបន្តរបស់នាយកដ្ឋាននីមួយៗ និងបានលើកជាសំណួរ-ចម្លើយ យ៉ាងផុសផុល ដើម្បីកែលម្អនូវចំណុចខ្វះខាតសម្រាប់ការងារប្រចាំថ្ងៃ។
ឈ្លាតក្នុងឱកាសនោះឯកឧត្តម ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារបានបង្ហាញនូវលទ្ធផលអំពីការស្តារឡើងវិញនូវការខូចខាតប្រាសាទព្រះវិហារ ដោយអន្តរាគមន៍បន្ទាន់នៅទីតាំងប៉ះពាល់ដោយសារជម្លោះប្រដាប់អាវុធដោយថតរូបភាពនិងកសាងឯកសារPhotogrammetry និង 3D Scanning, ប្រមូលបំណែកថ្មប្រាសាទបាក់បែក ចំនួន៣៤ ១៥៦ដុំ (ថ្មមានក្បាច់ ចំនួន១២ ០៦២ដុំ និងថ្មមិនមានក្បាច់ ចំនួន២២ ០៩៤ដុំ) និងទល់ទ្រ ចំនួន២០/២២ទីតាំង។
បន្ទាប់ពីបានស្តាប់របាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦រួចមក ឯកឧត្តមអគ្គនាយក បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកអាជ្ញាធរជាតិព្រះវិហារទាំងពីររមណីយដ្ឋាន ដែលបានខិតខំប្រឹងប្រែងបំពេញការងារទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសក្រុមការងារជំនាញដែលបានធ្វើអន្តរាគមន៍បន្ទាន់សង្រ្គោះប្រាសាទព្រះវិហារ ដែលទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារជម្លោះប្រដាប់អាវុធកាលពីឆ្នាំ២០២៥កន្លងទៅ។ ឯកឧត្តមក៏បានជម្រុញបន្ថែមដល់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់លើការងារប្រចាំថ្ងៃ ដើម្បីឆ្លើយតប និងសម្រេចឲ្យបាននូវប្រសិទ្ធផលតាមផែនការដែលនាយកដ្ឋាននីមួយៗបានគ្រោងទុក។








