នាព្រឹកថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញសួរសុខទុក្ខ លោក ជួន សុផាត អតីតប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាម នៅគេហដ្ឋាន ភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្ដម បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវបណ្ឌិតសភាចារ្យ និងបានថ្លែងអំណរគុណដល់លោក ជួន សុផាត ដែលបានចំណាយពេលវេលា និងកម្លាំងកាយចិត្តបំពេញភារកិច្ចបម្រើស្ថាប័ន នឹងរួមចំណែកយ៉ាងសកម្មក្នុងការដឹកនាំ ថែរក្សា និងលើកស្ទួយវិស័យវប្បធម៌ សិល្បៈប្រពៃណី និងអត្តសញ្ញាណជាតិខ្មែរអស់រយៈពេលច្រើនឆ្នាំកន្លងមកនេះ។ ជាមួយគ្នានោះ ឯកឧត្តម ក៏បាននាំយកថវិកាមួយចំនួនរបស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និងផ្លែឈើមួយកន្ត្រកជូនដល់លោកផងដែរ៕








