នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានបុរាណវត្ថុ សហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានរៀបចំពិធីសម្ពោធការតាំងពិព័រណ៍សាធារណៈមិនអចិន្ត្រៃយ៍អំពីរូបថតព័ត៌មានអំពីវត្ថុសិល្បៈខ្មែរ ដែលត្រូវគេនាំចេញដោយខុសច្បាប់ និងទាមទារត្រឡប់មកកម្ពុជាវិញ នៅលើបរិវេណសួនច្បារ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក្រោមអធិបតីភាព លោក វឿន វុទ្ធី អគ្គនាយករងនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង និងឯកឧត្តម ពៅ ប៊ុនថន សមាជិកក្រុមប្រឹក្សាខេត្ត។ ពិធីសម្ពោធនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈទូទាំង ២៥ រាជធានី-ខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្តកំពង់ឆ្នាំង យុវជន ស.ស.យ.ក. វិស័យវប្បធម៌និងវិចិត្រសិល្បៈ តំណាងធនាគារមីក្រូហិរញ្ញវត្ថុក្នុងខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមកាយឫទ្ធិកម្ពុជាខេត្ត ក្រុមកាកបាទក្រហមខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណជា ៣០០នាក់។
ការរៀបចំពិព័រណ៌មិនអចិន្ត្រៃយ៍នាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបញ្ជ្រាបនូវការយល់ដឹងអំពីគុណតម្លៃ ក្នុងការចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិឆ្ពោះទៅសម្រេចបានស្របតាមគោលដៅ « កម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌ » ជាពិសេសជាងនេះឱ្យមហាជនបានស្គាល់ បាន យល់ពីសម្បត្តិបេតិកភណ្ឌមរតកដូនតាដែលបាត់បង់ បន្ទាប់ពីរាជរដ្ឋាភិបាលទាមទារបានត្រឡប់មកវិញ និងក្នុងគោលបំណងបំផុសចលនាមហាជនឱ្យគាំទ្រ ការរួមចំណែកថែរក្សា ការពារ សម្បត្តិវប្បធម៌ខ្មែររបស់យើងផងដែរ។
លើសពីនេះទៅទៀត ការរៀបចំឱ្យមានព្រឹត្តិការណ៍នេះឡើង ក៏ជាការជួយបំផុសនិងដាស់អារម្មណ៍យុវជនដែលជាទំពាំងស្នងឫស្សីឱ្យបានឃើញបានយល់កាន់តែច្បាស់អំពីលក្ខណៈពិសេស និង ភាពសម្បូរបែបនៃសិល្បៈវប្បធម៌ខ្មែរ ដែលបន្សល់ទុកដោយដូនតាយើងជាច្រើនជំនាន់មកហើយ ទាំងនេះ គឺជាសកម្មភាពដ៏មានប្រសិទ្ធភាពមួយ ក្នុងការផ្សព្វផ្សាយបញ្ញាបការយល់ដឹង បណ្តុះមនសិការ ស្មារតីរបស់កូនខ្មែរគ្រប់រូបឱ្យចូលរួមថែរក្សា ការពារ ឱ្យបានស្ថិតស្ថេរគង់វង្សនូវមរតកវប្បធម៌ ដែលជាអត្ត សញ្ញាណនិងជាដួងព្រលឹងរបស់ជាតិយើង៕















