នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយការិយាល័យនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកផែ្នកកិច្ចការសេដ្ឋកិច្ច និងសង្គម(UN DESA) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការស្រាវជ្រាវអំពីបរិយាបន្នសង្គមក្នុងវិស័យសេដ្ឋកិច្ចច្នៃប្រតិដ្ឋនៅកម្ពុជា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក Matthieu Cognac តំណាង UN DESA។
សិក្ខាសាលានេះរៀបចំឡើងដើម្បីស្វែងយល់កាន់តែស៊ីជម្រៅអំពីតម្រូវការក៏ដូចជាកាលានុវត្តភាពសម្រាប់ក្រុមគោលដៅសំខាន់ៗមួយចំនួន រួមមាន៖ យុវជន មនុស្សវ័យចាស់ ជនមានពិការភាព ជនជាតិដើមភាគតិច និងជនជាតិភាគតិច អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រុមអ្នកមានអត្តសញ្ញាណយេនឌ័រចម្រុះ(LGBTQI+) និងស្ត្រី។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីតំណាងអន្តរក្រសួង អង្គការ សមាគម និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលបន្ថែមទៅលើរបាយការណ៍ស្រាវជ្រាវ សម្រាប់ផ្តល់ជាអនុសាសន៍ជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំបញ្ចូលបរិយាបន្នសង្គមទៅក្នុងគោលនយោបាយជាតិស្តីពីវប្បធម៌ និងឧស្សាហកម្មច្នៃប្រតិដ្ឋ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងរៀបចំសេចក្តីព្រាងនាពេលបច្ចុប្បន្ន។
កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង UN DESA ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីកិច្ចប្តេជ្ញាចិត្តខ្ពស់ក្នុងការធានាថា «មិនទុកនរណាម្នាក់ចោលឡើយ» នៅក្នុងការអភិវឌ្ឍវិស័យវប្បធម៌ និងសេដ្ឋកិច្ចច្នៃប្រតិដ្ឋនៅកម្ពុជា។







