នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងប្រតិភូអមដំណេីរបានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខអំពីការរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅផ្ទះដែលសាងសង់ដោយរាជរដ្ឋាភិបាលកម្ពុជាជូនដល់ប្រជាពលរដ្ឋបាត់បង់ផ្ទះសម្បែងដោយសារការបំផ្លិតបំផ្លាញពីសត្រូវឈ្លានពាន។
ក្នុងឱកាសនោះ លោកជំទាវផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសស្ត្រីដែលមានផ្ទៃពោះ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ត្រូវមានអនាម័យក្នុងការរស់នៅ ផឹកស្អាត ហូបស្អាត ដើម្បីឱ្យមានសុខភាពមាំមួន និងជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាសម្អាតអនាម័យ បរិស្ថាន បង្គន់អនាម័យ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសត្រូវចេះជួយយកអាសាគ្នាទៅវិញទៅមក ក្នុងនាមជាជនរួមជាតិខ្មែរតែមួយ។












