ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញជាអធិបតីក្នុងពិធីចែកពានរង្វាន់មហោស្រពភាពយន្តកម្ពុជាអាសុីលើកទី៤

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញជាអធិបតីក្នុងពិធីចែកពានរង្វាន់មហោស្រពភាពយន្តកម្ពុជាអាសុីលើកទី៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីកំរាលព្រំក្រហម និងចែកពានរង្វាន់មហោស្រពភាពយន្តកម្ពុជាអាសុីលើកទី៤ នៅសាលសន្និសីទចតុម្មុខ។ ក្នុងឱកាសមានវត្ងមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ផលិតករ អ្នកជំនាញ ក្នុងវិស័យភាពយន្ត សិល្បៈករសិល្បការិនី ជាតារាសម្តែងជាតិអន្តរជាតិ ប្រមាណ៦០០នាក់

ថ្លែងក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានលើកឡើងថា ចាប់តាំងពីចាប់បដិសន្ធិនាឆ្នាំ២០២២មក មហោស្រពភាពយន្តកម្ពុជាអាស៊ីបានក្លាយជាវេទិកាមួយដ៏មានសារសំខាន់ក្នុងការប្រមូលផ្តុំ និងផ្សព្វផ្សាយស្នាដៃ ភាពយន្តចម្រុះ ពីបណ្តាប្រទេសក្នុង តំបន់អាស៊ី និងជាកន្លែងជួបជុំរបស់អ្នកនិពន្ធ អ្នកដឹកនាំរឿង ផលិតករ សិល្បករ សិល្បការិនី អ្នកជំនាញ និងអ្នកប្រកបអាជីពក្នុងវិស័យភាពយន្តដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈទានថ្មីៗ ការបង្កើត បណ្តាញទំនាក់ទំនង ការស្វែងរកឱកាសក្នុងកិច្ចសហការផលិតភាពយន្តជាដើម។ លើសពីនេះមហោស្រពភាពយន្តកម្ពុជាអាស៊ីក៏បានរៀបចំនូវកិច្ចពិភាក្សាស៊ីជម្រៅក្នុងការអភិវឌ្ឍឧស្សាហកម្ម ភាពយន្ត ដែលជាកម្មវិធីដ៏មានសារសំខាន់ក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ និង យុទ្ធសាស្ត្រ តាមរយៈការពិភាក្សាអំពីបញ្ហាប្រឈម និងឱកាសនានា ព្រមទាំងស្វែងរកយន្តការថ្មីៗដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីមួយដែលជួយជំរុញឱ្យឧស្សាហកម្មភាពយន្តក្លាយជាប្រភពនៃកំណើន សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចីរភាព ដោយរក្សាបាននូវអត្តសញ្ញាណរបស់ជាតិ។

លោកជំទាវបានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមការងារអន្តរ ក្រសួងដើម្បីសម្របសម្រួលនិងគាំទ្រវិស័យទេសចរណ៍ ភាពយន្តនៅកម្ពុជា ដោយបានចាត់ទុក ទេសចរណ៍ភាពយន្ត ជាទម្រង់ទេសចរណ៍បែបច្នៃប្រតិដ្ឋថ្មីមួយ ដែលកំពុងដើរ តួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចសកល។ អំណាចទន់នៃសិល្បៈភាពយន្តមិនត្រឹមតែផ្តល់នូវ ការកម្សាន្ត ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឧបករណ៍ ដ៏មានឥទ្ធិពលក្នុងការផ្សព្វផ្សាយពីសម្រស់ ធម្មជាតិ បេតិកភណ្ឌវប្បធម៌ សិល្បៈ

ស្ថាបត្យកម្ម ប្រពៃណី និងទំនៀមទម្លាប់រស់នៅរបស់ ប្រជាជន នៃប្រទេសមួយទៅកាន់ពិភពលោក ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញ ភ្ញៀវទេសចរ និងការលើកកម្ពស់កិត្យានុ ភាព ជាតិ។ ជាមួយ គ្នានេះ ទេសចរណ៍ភាពយន្ត ក៏ជួយរួមចំណែកដល់ការ បង្កើតការងារ និងប្រាក់ចំណូលសម្រាប់សហគមន៍មូលដ្ឋាន

តាមរយៈ ការផ្តល់សេវាកម្ម ការស្នាក់នៅ ម្ហូបអាហារ ការដឹកជញ្ជូន មគ្គុទ្ទេសក៍ ទេសចរណ៍ សិប្បកម្ម សិល្បៈទស្សនីយភាព និងផលិតផល វប្បធម៌ជាដើម។

ការរៀបចំមហោស្រពភាពយន្តកម្ពុជាអាសុី គឺជាកិច្ចសហការដោយគណ:កម្មការរៀបចំមហោស្រពកម្ពុជាអាសុីមានមូលដ្ឋាននៅប្រទេស និងនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ ក្រោមការគាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។