នៅល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយឯកឧត្ដម ទិត្យ ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចុះសួរសុខទុក្ខ ឯកឧត្ដម គង់ កន្តារ៉ា ទីប្រឹក្សាក្រសួង និងជាអតីតអនុរដ្ឋលេខាធិការក្រសួង ដែលកំពុងសម្រាកព្យាបាលជំងឺ និងជរាភាព នៅគេហដ្ឋានស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្ដម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ បន្ថែមពីនោះ ឯកឧត្តម បានថ្លែងអំណរគុណចំពោះឯកឧត្ដមដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការចូលរួមថែរក្សា និងលើកស្ទួយសិល្ប:វប្បធម៌ជាតិជាច្រើនឆ្នាំ។
ជាមួយគ្នានោះ ឯកឧត្តម បាននាំយកនូវថវិកាមួយចំនួនរបស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និងផ្លែឈើ ជូនដល់ឯកឧត្ដម គង់ កន្តារ៉ា និងជូនពរសូមអោយឯកឧត្ដមឆាប់មានសុខភាពល្អប្រសើេឡើងវិញ ផងដែរ៕












