នៅព្រឹកថ្ងៃអាទិត្យ ៥ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចុះសួរសុខទុក្ខ លោក អ៊ុក នឿន អតីតប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកោះកុង និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀនសិល្បៈរបាំ នៅខេត្តកោះកុង នៅគេហដ្ឋាន ស្ថិតនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ក្នុងឱកាសនោះ ឯកឧត្ដម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ បន្ថែមពីនោះ ឯកឧត្តម បានថ្លែងអំណរគុណចំពោះលោកអតីតប្រធានមន្ទីរ និងលោកគ្រូ អ្នកគ្រូ ដែលបានលះបង់កម្លាំងកាយចិត្ត ថែរក្សា និងលើកស្ទួយវិស័យវប្បធម៌ជាតិជាច្រើនឆ្នាំ។ ជាមួយគ្នានោះ ឯកឧត្តម បាននាំយកនូវថវិកាមួយចំនួនរបស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និងផ្លែឈើ ជូនដល់លោកអតីតប្រធានមន្ទីរ និងលោកគ្រូ អ្នកគ្រូផងដែរ៕










