ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ទទួលជួប លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី

ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ទទួលជួប លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី

នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានទទួលជួប លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី ព្រមទាំងគណៈប្រតិភូយុវជនកម្ពុជាចំនួន ១២រូប ដើម្បីសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ។

ក្នុងជំនួបនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានចែករំលែកនូវបទពិសោធន៍ និងតួនាទី និងភារកិច្ចរបស់ក្រសួងក្នុងការអភិរក្ស អភិវឌ្ឍន៍ និងលើកស្ទួយសម្បត្តិបេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបី។

បន្ថែមពីនេះ ឯកឧត្តម បានពាំនាំនូវប្រសាសន៍អបអរសាទរ និងជូនពរពីលោកជំទាវបណ្ឌិតសភាចារ្យដល់ក្រុមយុវជនកម្ពុជា ដែលបានជ្រើសរើសយ៉ាងហ្មត់ចត់ដោយគណៈកម្មាធិការរៀបចំកម្មវិធី ដើម្បីទៅចូលរួមមហោស្រពយុវជនពិភពលោក ឆ្នាំ២០២៦ (World Youth Festival 2026) នៅសហព័ន្ធរុស្ស៊ី នាពេលខាងមុខដ៏ខ្លី។

ក្នុងនាមឯកឧត្តមផ្ទាល់ បានថ្លែងការកោតសរសើរខ្ពស់ចំពោះក្រុមយុវជនតំណាងឱ្យប្រទេសកម្ពុជា។​ឯកឧត្តមក៏បានចែករំលែកនូវសៀវភៅ​UNESCO World Heritage​ និង CAMBODIA Your Next Film Destination ដើម្បីឱ្យប្អូនៗ យកទៅចូលរួមការដាក់តាំងពិព័រណ៍ និងដាក់នៅបណ្ណាល័យនៅសហព័ន្ធរុស្ស៊ីផងដែរ។ ជាពិសេស ឯកឧត្តម បានផ្តាំចំពោះក្រុមយុវជន ដែលជាអគ្គរាជទូតវប្បធម៌ តំណាងឱ្យកម្ពុជា សូមចូលរួមផ្សព្វផ្សាយនូវសម្បត្តិវប្បធម៌ខ្មែរដ៏សម្បូរណ៍បែប រក្សានូវឥយាបថទន់ភ្លន់ និងភាពថ្លៃថ្នូរក្នុងនាមជាយុវជនទំពាំងស្នងឬស្សីរបស់កម្ពុជា៕