នាព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ឺ វីរៈ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខអតីតអ្នកដឹកនាំរឿងជើងចាស់ និងតារាកំប្លែង នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។
ជានិច្ចកាល លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី តែងតែគិតគូរ យកចិត្តទុកដាក់ចំពោះមន្ត្រីគ្រប់ជាន់ថ្នាក់ រួមទាំងមន្ត្រីចូលនិវត្តន៍ វីរៈសិល្បករជើងចាស់ ព្រឹទ្ធាចារ្យមានជំនាញក្នុងវិស័យសិល្បៈគ្រប់ទម្រង់ ដោយលះបង់ពេលវេលា ជម្នះភាពនឿយហត់ និងចំណាយធនធានថវិកាអញ្ជើញចុះសួរសុខទុក្ខផ្ទាល់ ឬចាត់តំណាង ដើម្បីលើកទឹកចិត្ត និងរកគ្រប់វិធីសាស្ត្រដោះស្រាយនូវបញ្ហាដែលជាការលំបាកនានាជូនដល់មន្ត្រីចាស់ៗ និងសិល្បករសិល្បការិនីជំនាន់មុនជាដើម។
ក្នុងនោះដែរ ឯកឧត្តម បានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូ សក្តិ ស៊ីថន ជាអតីតអ្នកដឹកនាំរឿងជើងចាស់មួយរូបដែលបានចំណែកក្នុងវិស័យវប្បធម៌និងវិចិត្រសិល្បៈ ហើយលោកកំពុងស្នាក់នៅគេហដ្ឋាន ភូមិ៦ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បន្ទាប់មក អញ្ជើញចុះសួរសុខទុក្ខលោក ប៉ុល សារឿង (នាយតាក់ស៊ី) ជាអតីតតារាកំប្លែង សព្វថ្ងៃលោកកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ហើយអាស្រ័យដ្ឋានបច្ចុប្បន្នរបស់លោក នៅភូមិឧសភា សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នឹងលោក ឡាំ ប៊ុន សេន (នាយគ្រោង) អតីតតារាកំប្លែង និងជាមន្រ្តីបម្រើការនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ នៅគេហដ្ឋាន ភូមិអង្គសេរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ជូនដែរថា លោកគ្រូ សក្តិ ស៊ីថន ជាអតីតអ្នកដឹកនាំរឿងតេជោដំឌិន ភូមិតិរិច្ឆាន ផ្កាស្រពោន ជ្រោះស្នេហ៍ពេជ្រនិល និងរឿងជាច្រើនផ្សេងទៀត។ រីឯលោក ប៉ុល សារឿង (នាយតាក់ស៊ី) និងលោក ឡាំ ប៊ុន សេន (នាយគ្រោង) ជាអតីតតារាកំប្លែងធ្លាប់បានបង្កើតស្នាមញញឹម និងសំណើចដល់ទស្សនិកជនតាមរយៈកម្មវិធីកំប្លែងទូរទស្សន៍ និងការសម្ដែងឆាកតន្រ្តីផ្ទាល់។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ជាមួយគ្នានោះ ឯកឧត្តម បាននាំយកនូវថវិកាមួយចំនួនរបស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ជូនដល់លោកទាំងបីផងដែរ៕








