នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាអនុប្រធានក្រុមការងារអន្តរក្រសួងដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា បានអញ្ជើញចូលរួមសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការជំរុញទេសចរណ៍ភាពយន្ត នៅកម្ពុជាដែលរៀបចំឡើងនៅសណ្ឋាគារ Empress Angkor ខេត្តសៀមរាប។
សិក្ខាសាលាថ្នាក់ជាតិ ស្តីពីការជំរុញទេសចរណ៍ភាពយន្តនៅកម្ពុជា បានប្រព្រឹត្តិការណ៍ទៅក្រោមអធិបតីភាព ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួងដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា ដោយមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក និងសមាជិកានៃក្រុមការងារអន្តរក្រសួង តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សមាគមទេសចរណ៍ សមាគមភាពយន្តកម្ពុជា សមាគមសិល្បករ ផលិតករភាពយន្ត សិល្បករ សិល្បការិនី និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណជាង ២០០នាក់។
សិក្ខាសាលាស្តីពីការជំរុញទេសចរណ៍ភាពយន្ត គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ធ្វើជាស្ពានតភ្ជាប់ និងបង្កើតកិច្ចសន្ទនារវាងស្ថាប័នរដ្ឋ ប្រតិបត្តិករក្នុងឧស្សាហកម្មភាពយន្ត និងឧស្សាហកម្មទេសចរណ៍ ដើម្បីរួមគ្នាស្វែងរកកាលានុវត្តភាព ដោះស្រាយបញ្ហាប្រឈម និងកំណត់វិធានការគន្លឹះ សំដៅជំរុញការអភិវឌ្ឍទេសចរណ៍ភាពយន្តនៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង។







