នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានអញ្ជើញទទួលស្វាគមន៍ ឯកឧត្តមបណ្ឌិត Gordan Grlić Radman រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។
ក្នុងឱកាសនោះ លោក ហង្ស និស្ស័យ ប្រធានការិយាល័យសារមន្ទីរ បានបង្ហាញជូនឯកឧត្តមរដ្ឋមន្ត្រី អំពីប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ និងជាពិសេសអំពីរឿងរ៉ាវដែលបានកើតឡើងនៅអតីតមន្ទីរស-២១ ឬគុកទួលស្លែង។ អំឡុងទស្សនកិច្ច គណៈប្រតិភូបានស្វែងយល់ពីប្រវត្តិ ស-២១ ឬ គុកទួលស្លែង តាមរយៈភ័ស្តុតាងនិងស្លាកស្នាមឧក្រិដ្ឋកម្មជាច្រើន ដែលនៅសេសសល់លើទីតាំងផ្ទាល់ រូបថត រួមទាំងជនរងគ្រោះដែលនៅរស់រានមានជីវិត។
នៅទីបញ្ចប់នៃដំណើរទស្សកិច្ច ឯកឧត្តមរដ្ឋមន្ត្រីការបរទេស បានបង្ហាញអំពីសេចក្ដីសោកសង្រេងចំពោះរឿងរ៉ាវដែលបានកើតឡើងដល់ជនរងគ្រោះ។








