នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំពិធីបើក «មហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ២០២៦» ក្រោមអធិបតីភាព ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
មហោស្រពនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ចង្កឹះមួយបាច់» ដែលមានអត្ថន័យជាសាររំលឹក និងលើកទឹកចិត្តដល់ជនរួមជាតិឱ្យយល់ដឹង និងចូលរួមលើកតម្កើងតម្លៃនៃសាមគ្គីភាព ការរួបរួមគ្នាជាធ្លុងមួយ ដើម្បីជំនះរាល់ឧបសគ្គ និងឆ្ពោះទៅសម្រេចបាននូវគោលដៅរួម។
មហោស្រពនេះ មិនត្រឹមតែជាវេទិកាសម្រាប់បង្ហាញសមត្ថភាព និងទេពកោសល្យរបស់សិល្បករ និងសិល្បការិនីក្នុងវិស័យល្ខោននិយាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏មានតម្លៃសម្រាប់ការចូលរួមថែរក្សា អភិរក្ស និងអភិវឌ្ឍសិល្បៈល្ខោននិយាយ ឱ្យកាន់តែមានភាពរស់រវើក និងបន្តរីកចម្រើនទៅមុខ។
សូមរង់ចាំតាមដាន និងចូលរួមទស្សនាទាំងអស់គ្នា!
#កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប






