រដូវវស្សា តែងតែមានភ្លៀងធ្លាក់ជាញឹកញាប់ តែនេះមិនមែនជាឧបសគ្គសម្រាប់ទេសចរមកទស្សនារមណីយដ្ឋានអង្គរឡើយ។ បើទោះបីជាមេឃកំពុងតែភ្លៀងរលឹមក្តី ក៏ទេសចរនៅតែចូលមកទស្សនាប្រាសាទ ដោយអ្នកខ្លះបាំងឆត្រ មួក ឬកន្សែង អ្នកខ្លះពាក់អាវភ្លៀង និងខ្លះទៀតដើរក្រោមដំណក់ភ្លៀងដោយផ្ទាល់តាមដំណើរធម្មជាតិ ដែលហាក់កំពុងទទួលទឹកពិសិដ្ឋប្រោសព្រំពីអាទិទេពដូច្នោះដែរ។
ភ្ញៀវទេសចរទាំងនោះ ហាក់ទទួលបានអារម្មណ៍មួយប្លែកមើលទៅប្រាសាទមានទស្សនីយភាពមានសោភ័ណភាពស្រស់ស្អាតមួយបែបខុសពីផ្ទៃមេឃបើកថ្ងៃ ហើយទេសចរក៏មិនទុកពេលវេលានេះកន្លងទៅដោយអសារបង់ឡើយ។ ពួកគាត់មានទឹកមុខញញឹមញញែមមិននឿយណាយនឹងដើរក្រោមដំណក់ទឹកភ្លៀង ដោយពួកគេដើរទស្សនាឥតរុញរា និងថតផ្តិតរូបភាពទុកជាអនុស្សាវរីយ៍ផង។ ការមកទស្សនាប្រាសាទចំពេលវេលាមានភ្លៀងធ្លាក់ ក្រោមបរិយាកាសត្រជាក់ត្រជុំបែបនេះក៏ជាបទពិសោធន៍ដ៏កម្រក្នុងឆាកជីវិត ដែលមានពេលវេលាបានមកទស្សនារមណីយដ្ឋានអង្គរ នារដូវវស្សាផង៕
អត្ថបទ៖ យី សុថា
រូបភាព៖ រដ្ឋ ផល្លីន / យី សុថា






