នៅព្រឹកថ្ងៃសុក្រ ១ កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំពិធីសំណេះសំណាលជាមួយសិល្បករសិល្បការិនីរៀមច្បង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលពិធីនេះ បានប្រព្រឹត្តទៅនៅភោជនីយដ្ឋានទន្លេបាសាក់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្តនៃសហភាពសហព័ន្ធយុវជនកម្ពុជា លោកឧកញ៉ា ចិន សំណាង អគ្គនាយកក្រុមហ៊ុនពេជ្រ CSNJ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាភ្ញៀវកិត្តិយស ព្រឹទ្ធាចារ្យវីរសិល្បករ សិល្បការិនី សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី និងលោក លោកស្រី ជាសមាជិកនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត និង ស.ស.យ.ក. វិស័យវប្បធម៌ និងវិចិត្រសិល្បៈ សរុបប្រមាណ ១៥០ នាក់។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងនូវសេចក្តីនឹករលឹក និងសេចក្តីរីករាយ ដែលមានឱកាសមកជួបសំណេះសំណាលដោយផ្ទាល់ជាមួយសិល្បករ សិល្បការិនី រៀមច្បង ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ជីវិត និងស្នាដៃមិនអាចកាត់ថ្លៃបាន ក្នុងការលើកស្ទួយវិស័យវប្បធម៌និងវិចិត្រសិល្បៈនាពេលកន្លងមកនេះ។ វប្បធម៌ខ្មែរយើងអាចរស់រានមានជីវិត និងរីកចម្រើន មកដល់សព្វថ្ងៃនេះ គឺដោយសារការតស៊ូដ៏អស្ចារ្យរបស់សិល្បករ សិល្បការិនី រៀមច្បង ទោះបីស្ថិតក្នុង កាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។ ពួកគាត់ គឺជាមែកធាងដ៏រឹងមាំ និងជាគ្រឹះដ៏មានតម្លៃនៃអត្តសញ្ញាណជាតិយើង ដើម្បីឱ្យសិល្បករជំនាន់ក្រោយសិក្សារៀនសូត្រឈ្វេងយល់ពីឫសគល់វប្បធម៌ដ៏ល្អផូរផង់នៃជាតិសាសន៍ខ្មែរ។
ជាមួយគ្នានោះ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមហ៊ុន CSNJ CO.,LTD. ដែលបានសហការរៀបចំ និងថែ្លងអំណរគុណដល់ក្រុមហ៊ុន VATTANAC BERWERY ក្រុមហ៊ុន SKN9 INVESTMENT ក្រុមហ៊ុន KOFI និងក្រុមហ៊ុន WELLGOLINE ដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ក្នុងការបង្កើតឱ្យមានកម្មវិធីសំណេះសំណាលដ៏មានអត្ថន័យនេះឡើង៕








