នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជួបលោក NAGASE Kensuke ភារធារីស្តីទី និងជាប្រធានបេសកកម្មបណ្តោះអាសន្ននៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីជម្រាបលាបន្ទាប់ពីលោកត្រូវបានបញ្ចប់អាណត្តិនៅកម្ពុជា។
នៅក្នុងជំនួបជម្រាបលានាឱកាសនេះលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុន ក៏ដូចជាស្ថានទូតជប៉ុនប្រចាំកម្ពុជាដែលតែងតែជួយកម្ពុជាលើវិស័យវប្បធម៌ ទាំងរូបី និងអរូបី ការអភិរក្សថែរក្សា ជួសជុលប្រាសាទនានានៅកម្ពុជា ជាពិសេសនៅតំបន់អង្គរ ហើយប្រទេសជប៉ុនក៏ជាសហប្រធានអាយសុីសុីអង្គរផងដែរ។ ជាមួយគ្នានេះផងដែរលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក៏បានជូនពរលោក NAGASE Kensuke ទទួលបានជោគជ័យលើភារកិច្ចថ្មីរបស់លោក ហើយភាគីទាំងពីរប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតលើវិស័យវប្បធម៌នាពេលអនាគត៕








