ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរៀបចំពិធីសំណេះសំណាលជាមួយសិល្បករសិល្បការិនីរៀមច្បង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរៀបចំពិធីសំណេះសំណាលជាមួយសិល្បករសិល្បការិនីរៀមច្បង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា

នៅព្រឹកថ្ងៃសុក្រ ១ កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំពិធីសំណេះសំណាលជាមួយសិល្បករសិល្បការិនីរៀមច្បង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលពិធីនេះ បានប្រព្រឹត្តទៅនៅភោជនីយដ្ឋានទន្លេបាសាក់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្តនៃសហភាពសហព័ន្ធយុវជនកម្ពុជា លោកឧកញ៉ា ចិន សំណាង អគ្គនាយកក្រុមហ៊ុ​នពេជ្រ CSNJ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាភ្ញៀវកិត្តិយស ព្រឹទ្ធាចារ្យវីរសិល្បករ សិល្បការិនី សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី និងលោក លោកស្រី ជាសមាជិកនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត និង ស.ស.យ.ក. វិស័យវប្បធម៌ និងវិចិត្រសិល្បៈ សរុបប្រមាណ ១៥០ នាក់។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងនូវសេចក្តីនឹករលឹក និងសេចក្តីរីករាយ ដែលមានឱកា​ស​​ម​ក​ជួ​ប​​សំណេះសំណាលដោយផ្ទាល់ជាមួយសិល្បករ សិល្បការិនី រៀមច្បង ដែល​បា​នលះបង់កម្លាំងកាយ កម្លាំ​ង​ចិត្ត ជីវិត និងស្នា​ដៃ​មិនអាចកាត់​ថ្លៃបាន ក្នុ​ងការ​លើកស្ទួ​យវិ​ស័យវ​ប្បធម៌​និ​ង​​វិចិត្រសិល្បៈ​នាពេ​លក​ន្ល​ង​ម​ក​នេះ​។ វប្បធម៌ខ្មែរយើងអាចរស់រានមានជីវិត និងរីកចម្រើន មកដ​ល់សព្វ​ថ្ងៃ​នេះ គឺដោយសា​រកា​រ​ត​​ស៊ូ​ដ៏​អ​ស្ចា​រ្យ​រ​ប​ស់​សិល្បករ សិល្បការិនី រៀមច្បង ទោះបីស្ថិតក្នុង កាលៈទេសៈលំបាកយ៉ាង​ណា​ក៏​ដោ​យ​។​ ពួកគាត់ គឺជាមែកធាងដ៏រឹងមាំ និងជាគ្រឹះ​ដ៏មានត​ម្លៃ​នៃ​អត្តសញ្ញាណជាតិយើង ដើម្បីឱ្យសិ​ល្ប​ក​រ​ជំនាន់ក្រោ​យសិក្សារៀនសូត្រឈ្វេងយល់​ពីឫសគល់វប្បធ​ម៌​ដ៏​ល្អផូរផង់នៃជាតិសាសន៍ខ្មែរ។

ជាមួយគ្នានោះ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងអំណរគុណ យ៉ាង​ជ្រាល​ជ្រៅ ​ចំ​ពោះ​នាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមហ៊ុន CSNJ CO.,LTD. ដែលបានសហការរៀបចំ និងថែ្លងអំណរគុណដ​ល់ក្រុមហ៊ុន VATTANAC BERWERY ក្រុមហ៊ុន SKN9 INVESTMENT ក្រុមហ៊ុន KOFI និងក្រុមហ៊ុន WELLGOLINE ដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ក្នុងការបង្កើតឱ្យមានកម្មវិធីសំណេះសំណាលដ៏មានអត្ថន័យនេះឡើង៕