នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅរោងភាពយន្ត Legend សាខា អូឡាំព្យាម៉ល ឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយ ឯកឧត្តមបណ្ឌិត Shaharuddin Onn, ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាង រោងភាពយន្ត Legend Cinema នៃប្រទេសកម្ពុជា និង ក្រុមហ៊ុន Crimson Omega Sdn. Bhd. នៃប្រទេសម៉ាឡេស៊ី ស្តីពីការបង្កើតរោងភាពយន្ត Legend Cinema នៅទីក្រុង Penang ប្រទេសម៉ាឡេស៊ី។ ចូលរួមជាសាក្សីក្នុងពិធីនោះ រួមមានវត្តមាន ឯកឧត្ដម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ព្រមទាំងលោក លោកស្រីភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ជាច្រើនរូប។
ក្នុងនាមតំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្ដមអនុរដ្ឋលេខាធិការបានថ្លែងថា អនុស្សរណៈនៃការយោគយល់គ្នានេះ មិនត្រឹមតែតំណាងឱ្យភាពជាដៃគូអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ និងឧស្សាហកម្មច្នៃប្រឌិត រវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ីផងដែរ។ ក្រសួងតែងតែគាំទ្រ និងលើកទឹកចិត្តដល់សកម្មភាពវិនិយោគនានា ដែលរួមចំណែកដល់ការអភិវឌ្ឍ ឧស្សាហកម្មភាពយន្តរបស់កម្ពុជា និងការផ្សព្វផ្សាយ វប្បធម៌ជាតិរបស់យើងទៅកាន់ពិភពលោក។







