ព្រះពុទ្ធបដិមាចំនួន ២៧៤បំណែក ដែលឆ្លាក់ពីថ្មភក់ក្នុងសម័យអង្គរ ចំនួន៣ រចនាបថ គឺរចនាបថបាភួន រចនាបថអង្គរវត្ត និងរចនាបថបាយ័ន មានដាក់តាំងបង្ហាញក្នុងសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ដែលសាធារណជនអាចចូលទស្សនា និងសិក្សាស្រាវជ្រាវស្វែងយល់។
ព្រះពុទ្ធបដិមាទាំងនេះ មានអាយុកាលប្រហែលនៅចុងសតវត្សរ៍ទី១៣។ ក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យាបានរកឃើញបំណែកសិល្បៈខ្មែរដ៏សម្បូរបែបទាំងនេះ ក្នុងពេលធ្វើកំណាយនៅប្រាសាទបន្ទាយក្តី ហើយជាបន្តបន្ទាប់ក្រុមអ្នកជំនាញបានសម្អាត និងជួសជុលវត្ថុបុរាណទាំងនោះឱ្យស្អាតឡើងវិញ និងដាក់បង្ហាញជូនសាធារណជនបានទស្សនាជាអចិន្ត្រៃយ៍។
លោក វឿន វិបុលសុខុម បុគ្គលិកបច្ចេកទេសនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានឱ្យដឹងថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានដាក់តាំងបង្ហាញរូបព្រះពុទ្ធបដិមា ដែលនៅមានទ្រង់ទ្រាយពេញលេញមួយចំនួន ក្នុងចំណោមព្រះពុទ្ធបដិមាទាំង ២៧៤បំណែក។ លោកពន្យល់ថា ក្នុងសម័យអង្គរ មានការបែងចែករចនាបថចម្លាក់សិល្បៈទាំងអស់ចំនួន១០ រចនាបថ ប៉ុន្តែដោយឡែកចំពោះការរកឃើញតាមរយៈកំណាយនៅប្រាសាទបន្ទាយក្តី គឺចម្លាក់ព្រះពុទ្ធសាសនាមហាយាន សម័យអង្គរ គឺឃើញមានការឆ្លាក់ក្នុងទម្រង់តែ៣ រចនាបថប៉ុណ្ណោះ។ រចនាបថទាំងនោះមានដូចជា រចនាបថបាភួន រចនាបថអង្គរវត្ត និងរចនាបថបាយ័ន។
រូបព្រះពុទ្ធបដិមាទាំង៣ រចនាបថនេះ មានលក្ខណៈសម្គាល់ផ្សេងៗពីគ្នា ដោយព្រះពុទ្ធបដិមា ក្នុងរចនាបថបាភួន មានលក្ខណៈសម្គាល់ជាទូទៅ គឺព្រះពុទ្ធគង់សមាធិប្រក់នាគ បើកព្រះនេត្រ ហើយបដិមាខ្លះមានទាំងដាំត្យូង បដិមាខ្លះពុំមានដាំត្បូងទេ។ ចំណែកនៅលើភ្នួងសក់ គឺមានរចនាដូចគ្រាប់ពោត ឬគ្រាប់ឈូក មានពុកមាត់ ពុកចង្កា ហើយចំពោះការគ្រងស្បង់វិញ គឺគ្របជិតលើស្មាទាំងសងខាង ហើយដើមទ្រូងបើក និងចង្កេះរៀវតូច។ រីឯព្រះពុទ្ធបដិមារចនាបថអង្គរវត្ត មានលក្ខណៈសម្គាល់ដោយរូបព្រះពុទ្ធគង់សមាធិបើកព្រះនេត្រ មានពាក់មកុដលើសិរសា និងទ្រង់គ្រឿងអលង្ការនៅលើព្រះកាយ ពាក់ក្រវិល សុរងក មានពាក់កងនៅដើមដៃ កដៃ កងជើង ដូចគ្នានឹងចម្លាក់ដែលមាននៅក្នុងប្រាសាទអង្គរវត្តដែរ។
ចំពោះព្រះពុទ្ធបដិមាក្នុងរចនាបថបាយ័នវិញ គឺមានលក្ខណៈសម្គាល់ ដោយព្រះពុទ្ធគង់ក្នុងកាយវិការសមាធិបិទព្រះនេត្រ។ សិល្បៈរចនាបថនេះ មានការឆ្លាក់ព្រះពុទ្ធមានភ្នួងសក់រាងថ្នាក់ៗ ឯការគ្រងស្បង់ចីវរវិញ មានតែមួយចំហៀងប៉ុណ្ណោះ គឺគ្របនៅលើស្មាខាងឆ្វេង។
ទម្រង់សិល្បៈព្រះពុទ្ធអង្គទាំង៣ រចនាបថ ក្នុងសម័យអង្គរនេះ សរបញ្ជាក់ឱ្យឃើញថា សិល្បៈខ្មែរពីសម័យកាលមួយទៅសម័យកាលមួយមានការវិវត្ត ហើយសម្បូរបែប និងមានភាពច្នៃប្រឌិតខ្ពស់ខុសៗគ្នា។
ចំពោះសិស្សនិស្សិត អ្នកស្រាវជ្រាវទាំងឡាយ ដែលចង់សិក្សានិងស្រាវជ្រាវស្វែងយល់ពីភស្ដុតាងដ៏សំខាន់នៃសិល្បៈខ្មែរដ៏សម្បូរបែបទាំងនេះ អាចអញ្ជើញទៅទស្សនាសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដែលជាសារមន្ទីរបុរាណវិទ្យាទី១ ប្រចាំប្រទេស។ នៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រៅតែពីតាំងបង្ហាញនូវរូបព្រះពុទ្ធបដិមាសម័យអង្គរទាំង៣ រចនាបថនេះ ក៏នៅមានតាំងបង្ហាញចម្លាក់សិល្បៈបុរាណជាច្រើនផ្សេងទៀតដូចជា ពុទ្ធបដិមាភៃសជ្យគុរុ ឬព្រះពុទ្ធជាគ្រូថ្នាំ ថ្មគោលពុទ្ធសាសនាដែលមានរូបព្រះពុទ្ធ១០០៨អង្គជាដើម៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ស៊ិន ប្រណី








