ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញចូលរួមពិធីពិសាអាហារសាមគ្គីជាមួយសិល្បកររៀមច្បង

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញចូលរួមពិធីពិសាអាហារសាមគ្គីជាមួយសិល្បកររៀមច្បង

នាល្ងាចថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអញ្ជើញចូលរួមពិធីពិសាអាហារសាមគ្គីជាមួយសិល្បកររៀមច្បង ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីជាសិល្បករ សិល្បការិនី ជាច្រើនរូប។

កម្មវិធីនេះរៀបចំដោយសមាគមសិល្បករកម្ពុជា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរបស់ជនជាតិខ្មែរដើម្បីរំលឹកនិងតបស្នងគុណដល់សិល្បករ សិល្បការិនីរៀមច្បង ដែលបានលះបង់កម្លាំងកាយចិត្តបញ្ញាស្មារតីក្នុងការបន្តថែរក្សា ផ្ទេរចំណេះដឹងនិងផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីបានលើកឡើងថា សិល្បករសិល្បការិនីគ្រប់ទម្រង់បានដើរតួនាទីគន្លឹះក្នុងការចូលរួមថែរក្សាវប្បធម៌ប្រពៃណី និងសិល្ប:ដ៏ល្អផូរផង់ ដែលដូនតាខ្មែរបានបន្សល់ទុកមក ព្រមទាំងអភិវឌ្ឍន៍ ផ្សព្វផ្សាយមរតកដ៏ថ្លៃថ្លានេះទៅយុវជនជំនាន់ និងទៅលើឆាកអន្តរជាតិ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់គ្រប់សមាគមសិល្បៈ និងអ្នកប្រកបអាជីពក្នុងវិស័យសិល្បៈ ព្រមទាំងបន្តតួនាទីជាអាណាព្យាបាល ផ្តល់យោបល់ តម្រង់ទិស ផ្តល់ជំនួយបច្ចេកទេស និងលើកទឹកចិត្តគ្រប់សកម្មភាពរបស់បងប្អូនសិល្បករទាំងអស់។ ជាមួយនេះ ក្រសួងក៏នឹងបន្តណែនាំ កែលម្អចំពោះកំហុសឆ្គងនានា ព្រមទាំងតម្រង់ទិស និងចង្អុលបង្ហាញពីឥរិយាបថដែលគួរប្រកាន់យកដើម្បីភាពថ្លៃថ្នូរនិងបង្ការផលប៉ះពាល់ជាយកថាហេតុមកលើសិល្បៈវប្បធម៌ ប្រពៃណីជាតិ។