នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាក្រោមប្រធានបទ« យើងរួមគ្នាបង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិច និងជំរុញការប្រើប្រាស់ App NoDrug» នៅសាលាជាតិវិចិត្រសិល្បៈ។
ក្នុងឱកាសនេះ លោកជំទាវ រដ្ឋលេខាធិការ បានសម្តែងនូវការកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងក្រុមការងារផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់និងជួញដូរគ្រឿង ញៀន ប្រចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានយកចិត្តទុកដាក់ក្នុងការរៀបចំឲ្យមានការរៀបចំសិក្ខាសាលានេះឡើង។ លោកជំទាវក៏បានសម្តែងការ ស្វាគមន៍ យ៉ាងកក់ក្តៅចំពោះការចំណាយពេលវេលា ក្នុងការអញ្ជើញចូលរួមរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ ប្អូនៗ ក្មួយៗ សិស្សានុសិស្ស ជាពិសេស តំណាង មន្ទីរ វប្បធម៌និងវិចិត្រសិល្បៈរាជធានី ខេត្ត ទាំង ២៥ ដែលបានអញ្ញើញមកពីទីឆ្ងាយៗ នេះបញ្ជាក់ឱ្យឃើញ អំពីការយកចិត្តទុកដាក់ខ្ពស់ និងការចូលរួម យ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន។
សិក្ខាសាលាថ្ងៃនេះធ្វើឡើងក្នុងគោល បំណង ៖
១. ផ្សព្វផ្សាយនិងអប់រំអំពីផលប៉ះពាល់ធ្ងន់ធ្ងរដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន និងការជក់បារីអេឡិចត្រូនិច
២. រួមគ្នាបង្ការនិងទប់ស្កាត់ការរីករាលដាលនៃសារធាតុញៀនគ្រប់រូបភាពនៅក្នុងសង្គម ពិសេសក្នុងស្រទាប់យុវវ័យ
៣. ណៃនាំនិងជំរុញការប្រើប្រាស់កម្មវិធី App Nodrug ដែលជាឧបករណ៍មានប្រសិទ្ធភាពក្នុងការរាយការណ៍និងទទួលបានព៍ត៌មានអប់រំពាក់ព័ន្ធនឹងគ្រឿងញៀន។










