នារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ភឿង សកុណា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយលោកស្រី កែវ ឡាំងចេង ប្រធានសមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញា និងឧស្សាហកម្មវប្បធម៌ច្នៃប្រតិដ្ឋ។
អនុស្សរណៈនេះមានគោលបំណងបង្កើតភាពជាដៃគូក្នុងការសិក្សាស្រាវជ្រាវ និងលើកកម្ពស់ក្របខ័ណ្ឌ គោលនយោបាយ យន្តការ និងបទប្បញ្ញត្តិច្បាប់ ព្រមទាំងការចែករំលែកចំណេះដឹង និងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
គួរបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការនឹងផ្តោតលើវិស័យសំខាន់ៗ រួមមាន សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ការវាយតម្លៃ និងធ្វើពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា បេតិកភណ្ឌវប្បធម៌អរូបី និងឧស្សាហកម្មវប្បធម៌ច្នៃប្រតិដ្ឋ ចំណេះដឹងជាប្រពៃណី និងវិញ្ញត្តិប្បធម៌ជាប្រពៃណី ព្រមទាំងការបណ្តុះបណ្តាល និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ។
ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត អនុស្សរណៈនេះបានកំណត់ឱ្យបង្កើត ក្រុមការងារពិសេសចំនួនពីរ គឺ ក្រុមការងារសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល និងក្រុមការងារបេតិកភណ្ឌវប្បធម៌អរូបី និងឧស្សាហកម្មវប្បធម៌ច្នៃប្រតិដ្ឋ។ ក្រុមការងារទាំងពីរនឹងរៀបចំគម្រោងជាក់លាក់ និងសហការស្វែងរកប្រភពមូលនិធិ ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងពាក់ព័ន្ធនឹងការស្រាវជ្រាវ ការរៀបចំច្បាប់ និងគោលនយោបាយ និងសកម្មភាពពាក់ព័ន្ធនឹងវិស័យខាងលើ៕






